(ហ្ស៊ីមបាវេ)៖ ហ្ស៊ីមបាវេនឹងមានប្រធានាធិបតីថ្មីជាលើកដំបូង ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ នៅពេល លោក Emmerson Mnangawa ស្បថចូលកាន់តំណែងជាថ្មីប្រធានាធិបតី បណ្ដោះអាសន្ននៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់) ជំនួសអតីតប្រធានាធិបតីចាស់វស្សា លោក Robert Mugabe ដែលបានលាលែងពីមុខតំណែងនៅក្នុងសប្ដាហ៍នេះ ក្រោមសម្ពាធ ស្ទើរជុំទិសពីអ្នកនយោបាយប្រកបដោយឥទ្ធិពលនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Mnangawa ដែលជាអតីតអនុប្រធានាធិបតីរបស់ លោក Mugabe អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ត្រូវបានគេបណ្ដេញចេញពីតំណែង ក្រោមភាពចម្រូងចម្រាស់ រហូតដល់ជំរុញឱ្យពួកយោធា ដណ្ដើមអំណាចគ្រប់គ្រងប្រទេស។ លោកបានធ្វើដំណើរមកដល់រដ្ឋធានី Harara កាលពីថ្ងៃពុធ ដើម្បីត្រៀមចូលស្បថកាន់តំណែង នៅឯពហុកីឡាដ្ឋានជាតិ ស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេស ក៏ដូចជាថ្លែងសារទៅកាន់ប្រជាជាតិរបស់លោក។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អតីតប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe និងភរិយារបស់លោក ទទួលបានអភ័យឯកសិទ្ធិពិសេសមួយពីក្រុមរដ្ឋអាជ្ញា និងត្រូវបានធានាការពារសុវត្ថិភាព ហើយដែលនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជំរុញឱ្យលោកសម្រេចចិត្តលាលែងពីមុខតំណែង។
លោក Robert Mugabe បានដឹកនាំប្រទេសហ្ស៊ីមបាវេ បន្ទាប់ពីប្រជាជាតិស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងត្បូងមួយនេះ ទទួលបានឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៨០។ ប៉ុន្តែ លោកបានសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយយោធាដណ្ដើមអំណាចពីរូបលោក ខណៈគណបក្សកាន់អំណាចរបស់លោកផ្ទាល់ ក៏បានទាមទារឱ្យលោកចុះចេញពីអំណាចផងដែរ៕