ឥណ្ឌា៖ រថភ្លើងមួយខ្សែ «ក្រឡាច់ធ្លាក់ពីផ្លូវដែក» បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ១០នាក់...
24-11-2017 12:29
(ញូដេលី)៖ មនុស្សយ៉ាងតិច ០៣នាក់បានស្លាប់ និង០៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាច់ធ្លាក់ពីលើផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ទូរប្រហែល ១៣កំណាត់នៃរថភ្លើងរបស់ក្រុមហ៊ុន Vasco Da Gama-Patna Express បានរអិលធ្លាក់ចេញពីលើផ្លូវ នៅក្បែរស្ថានីយ៍រដ្ឋភ្លើង Manipurk នាពេលទាបភ្លឺថ្ងៃសុក្រនេះ។ មនុស្សយ៉ាងហោចណាស់ ០៣នាក់ បានបាត់បង់ជីវិត ខណៈអ្នកដែលបានទទួលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ហើយ ស្របពេលមនុស្សមួយចំនួនក្នុងចំណោមនោះ ត្រូវបានគេឲ្យដឹងថា ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។
គួរជម្រាបថា មុនពេលកើតហេតុ រថភ្លើងខាងលើកំពុងស្ថិតនៅលើផ្លូវធ្វើដំណើរ ឆ្ពោះទៅកាន់ក្រុង Patna ដែលជាទីក្រុងនៃរដ្ឋ Bihar ភាគខាងកើតប្រទេសពីក្រុង Vasco Da Gama នៅរដ្ឋ Goa ភាគខាងលិច។ ជាមួយគ្នានេះ ការស៊ើបអង្កេត ក៏ត្រូវបានបង្គាប់ឲ្យប្រព្រឹត្តទៅ ដើម្បីស៊ើបរកមូលហេតុ ដែលបានបង្កឲ្យមានឧបទ្ទវហេតុនេះផងដែរ៕