(អ៊ីសា្រអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហើបថា អ៊ីសា្រអែលកំពុងធ្វើកិច្ចសហប្រតិបត្តិការជាសំងាត់ ជាមួយនឹងបណ្ដាប្រទេសអារ៉ាប់ មួយចំនួន ហើយលោកក៏សង្ឃឹមដែរថា ទំនាក់ទំនងបែបនេះនឹងរីកចំរើនទៅមុខ។ លោក Netanyahu ថ្លែងបែបនេះ ក្រោយពីមានសេចក្ដីរាយការណ៍នាពេលថ្មីៗនេះថា អ៊ីសា្រអែលបានត្រៀមខ្លួន រួចជាស្រេចក្នុងការចែករំលែកព័ត៌មានសំងាត់ ពាក់ព័ន្ធនឹងអ៊ីរ៉ង់ជាមួយនិងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីរំលឹកវិញាណក្ខ័ន្ធដល់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ លោក David Ben Gurion កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយបណ្ដារដ្ឋអារ៉ាប់កំពុងធ្វើឡើងជាសំងាត់... ម្យ៉ាងវិញទៀតខ្ញុំជឿជាក់ថា ទំនាក់ទំនងបែបនេះជាមួយបណ្ដារដ្ឋអារ៉ាប់ នឹងបន្តអភិវឌ្ឍន៍ទៅមុខ ក៏ដូចជាលេចចេញជាផ្លែផ្កា ដើម្បីពង្រីកគន្លងសន្តិភាព ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏ជឿដែរថា ប្រជាជននៃបណ្ដាប្រទេសជិតខាងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងពួកយើង ពីព្រោះបើពុំដូច្នោះទេ ពួកគេនឹងត្រូវសហការជាមួយបរទេស»។
គួរបញ្ជាក់ថា បើទោះជាព័ត៌មានស្ដីពីទំនាក់ទំនងលួចលាក់រវាងបណ្ដារដ្ឋអារ៉ាប់ ជាពិសេសគឺអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល មិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការក៏ដោយ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ថា អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលអាចនឹង ឬកំពុងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ដើម្បីប្រឆាំងនឹងសត្រូវរួមរបស់ពួកគេគឺអ៊ីរ៉ង់៕