(សេអ៊ូល)៖ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនក្រុមយន្តហោះចម្បាំងបំបាំងកាយ (មានសមត្ថភាពគេចពីរ៉ាដា) ធុន F-22 Raptor មកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរនេះ ក្រោមរូបភាពជាការតំឡើងសាច់ដុំថ្មីមួយផ្សេងទៀត ចំពោះរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលទើបតែជាប់ឈ្មោះ ក្នុងបញ្ជីនៃរដ្ឋគាំទ្រភេរវកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង យន្តហោះចម្បាំងដ៏ទំនើបរបស់អាមេរិកខាងលើ មានសរុបចំនួន ០៦គ្រឿង ដែលធម្មតាឈរជើងនៅកោះអូគីណាវ៉ា នៃប្រទេសជប៉ុននោះ នឹងត្រូវបញ្ជូនមកកាន់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធរយៈពេល ០៥ថ្ងៃនៅទីនេះ ដែលមានឈ្មោះថា Vigilant Ace និងចាប់ផ្តើមពីថ្ងៃទី០៤ ខែធ្នូ។
គួរជម្រាបថា អ្នកនាំពាក្យទ័ពអាកាសកូរ៉េខាងត្បូងបានបញ្ជាក់ថា កងយន្តហោះចម្បាំង F-22 របស់អាមេរិក នឹងចូលរួមក្នុងសមយុទ្ធ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ ខណៈអ្នកនាំពាក្យទ័ពអាកាសអាមេរិកវិញ បានបដិសេធសុំមិនផ្តល់ព័ត៌មានលម្អិតជុំវិញរឿងដ៏រសើបនេះឡើយ។
ទោះបីជាកូរ៉េខាងជើង ស្ងប់ស្ងាត់មិនបានបាញ់មីស៊ីល ឬបំផ្ទុះនុយក្លេអ៊ែរជាច្រើនសប្តាហ៍មកហើយក្តី ក៏មិនមែនមានន័យថា នឹងគ្មានរឿងអ្វីកើតឡើងនៅអំឡុងពេលខាងមុខនេះដែរ ព្រោះក្រុមអ្នកអង្កេតកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅកូរ៉េខាង្បូង ធ្លាប់បានសន្និដ្ឋានថា ការធ្វើតេស្តអាវុធបន្ថែមទៀត នឹងអាចកើតមានឡើងនៅអំឡុងមុខដំណាច់ឆ្នាំ២០១៧នេះ៕