(តូក្យូ)៖ មន្ត្រីប៉ូលិសនៅតំបន់ភាគខាងជើងជប៉ុន បានប្រទះឃើញបុរស ០៨នាក់ នៅក្បែរទូកមួយគ្រឿង នៅឯកំពង់ផែមួយកន្លែង ដែលពួកគេបានអះអាងថា «ពួកគេមកពីប្រទេសកូរ៉េខាងជើង» ហើយជនទាំងនោះ ទំនងជាប្រជានេសាទកូរ៉េខាងជើង ដែលមានទូកជួបបញ្ហាជាជាងជនរត់ចោលស្រុក។ នេះបើតាមការចេញផ្សាយដោយសារ Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរជប៉ុន បានធ្វើការឃាត់ខ្លួនបុរសទាំង ០៨នាក់ ខាងលើបន្ទាប់ពីពលរដ្ឋជប៉ុនម្នាក់នៅទីក្រុង Yurihonjo ក្នុងខេត្ត Akita បានផ្តល់ដំណឹងដល់សមត្ថកិច្ចអំពីបុគ្គលមួយក្រុមដែលមិនស្គាល់សញ្ជាតិ។ ប៉ូលិសជប៉ុនឈ្មោះ Yoshinobu Ito បានប្រាប់អ្នកសារព័ត៌មានថា ជនទាំងនោះ ដែលបានអះអាងថា ពួកខ្លួនគឺជាជនជាតិកូរ៉េខាងជើងមើលទៅ គឺជាក្រុមអ្នកនេសាទ ដែលទូកឈើរបស់ពួកគេនៅក្បែរនោះ បានជួបបញ្ហាហើយក៏រសាត់អណ្តែតលើផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះអាជ្ញាធរពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហានេះ។
គួរជម្រាបថា ហេតុការណ៍ខាងលើ បានកើតមាននៅចំពេលដែលភាពតានតឹងកាន់តែកើនឡើង ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ថ្នាក់ប្រទេសកុម្មុយនិស្ត ឯកោមួយនេះ «ជារដ្ឋគាំទ្រភេរវកម្ម» ដែលប្រការនេះអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចដាក់ទណ្ឌកម្មជាបន្តបន្ទាប់ថែមទៀត ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាងរបស់ លោក គីម ជុងអ៊ុន៕