(រ៉ង់ហ្គូន)៖ បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងរយៈពេល០២ខែខាងមុខ ស្របពេលដែលអន្តរជាតិ បានដាក់សម្ពាធកាន់តែខ្លាំង ជុំវិញវិបត្តិ ដែលបានបណ្តាលឲ្យជនជាតិដើមភាគតិចមូស្លីមនេះ ជាងកន្លះលាននាក់ រត់ឆ្លងកាត់ព្រំដែនពីមីយ៉ាន់ម៉ាទៅបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់ជាច្រើនខែមក ប្រធានក្រុមប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អោងសាន សូជី និងរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក Mahmood Ali នាម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីបញ្ហានេះ នៅឯរដ្ឋធានីណៃពិដោរបស់មីយ៉ាន់ម៉ា។ ទីក្រុងដាកាបានឲ្យដឹងថា ភាគទាំងពីរបានឯកភាពគ្នាថា នឹងចាប់ផ្តើមបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកកាន់ប្រទេសកំណើតរបស់ពួកគេវិញ ក្នុងពេល០២ខែទៀត។
គួរជម្រាបថា បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៦២០,០០០នាក់ បានទៅដល់បង់ក្លាដែសគិតចាប់តាំងតែពីខែសីហាមក ហើយនាពេលនេះកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកលំបិន ក្នុងជំរុំជនភៀសខ្លួនដ៏ធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងណៃពិដោ បានបើកប្រតិបត្តិការយោធា តបតនឹងសកម្មភាពវាយប្រហាររបស់ក្រុមឧទ្ទាមមូស្លីមនៅរដ្ឋ Rakhine ភាគខាងជើងប្រទេស ដែលជាទង្វើទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការបោសសម្អាតជាតិសាសន៍រ៉ូហ៊ីងយ៉ា៕