BREAKING NEWS: ក្តីសង្ឃឹមរលាយសាបសូន្យ... នាវាមុជទឹកអាហ្សង់ទីន «ប្រហែលជាផ្ទុះ» និងគ្មាននាវិកណាម្នាក់នៅរស់ទេ...
24-11-2017 09:31
(អាហ្សង់ទីន)៖ ក្ដីសង្ឃឹមថាក្រុមនាវិកទាំង ៤៤នាក់ នៃនាវាមុជទឹកអាហ្សង់ទីនមួយគ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន នៅរស់រានមានជីវិត ត្រូវបានរលាយសាបសូន្យ ហើយបន្ទាប់ពីកងនាវាអាហ្សង់ទីនផ្ទាល់អះអាងថា មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងនាវាមុជទឹកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមកងនាវាអាហ្សង់ទីន ហេតុការណ៍មិនប្រក្រតីដែលជាហេតុការណ៍ផ្ទុះដ៏ខ្លីមួយ ត្រូវបានគេចាប់រលកសំឡេងបាន នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិច ជាទីដែលនាវាមុជទឹក ARA San Juan បានបាត់ខ្លួន។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមគ្រួសារសាច់ញាតិនាវិកទំាង ៤៤នាក់ បានសម្ដែងក្ដីរន្ធត់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ដែលកើតឡើងក្រោយ សហរដ្ឋអាមេរិកឱ្យដឹងថា ខ្លួនចាប់បានសំឡេងដ៏ខ្លាំងនៅក្នុងតំបន់ដូចគ្នានេះ។
គួបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ អាជា្ញធរអាហ្សង់ទីនបានបញ្ជាក់ថា ពួកគេចាប់បានសំឡេងចម្លែកមួយ តែថាមិនមែនជាសំឡេងចេញពីនាវាមុជទឹកនេះទេ ហើយក៏មិនមែនជាសំឡេងផ្ទុះអ្វីដែរ ហើយមកទល់ពេលនេះគេមិនទាន់អាចកំណត់ទីតាំងនាវាមុជទឹកស្ថិតនៅ នៅឡើយទេ។ ចំណែកឯ រុស្ស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល ឈីលី កូឡុំប៊ី បារាំង អាល្លឺម៉ង់ ប៉េរូ អាហ្រិ្វកខាងត្បូង អ៊ុយរ៉ាហ្គាយ និងអង់គ្លេស ក៏បានបញ្ជូនកងនាវា និងយន្ដហោះរបស់ពួកគេ ទៅជួយអាហ្សង់ទីនក្នុងប្រតិបតិ្តការងដែរ៕