(ហ្ស៊ីមបាវេ)៖ អតីតប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ទទួលបានអភ័យឯកសិទ្ធិពិសេសមួយពីក្រុមរដ្ឋអាជ្ញា និងត្រូវបានធានាការពារសុវត្ថិភាព ហើយដែលនេះគឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀង ជំរុញឱ្យលោកសម្រេចចិត្តលាលែងពីមុខតំណែង។ នេះបើតាមប្រភពស្និទ្ធនឹងកិច្ចចរចាដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Robert Mugabe បានដឹកនាំប្រទេសហ្ស៊ីមបាវេ បន្ទាប់ពីប្រជាជាតិអាហ្រ្វិកមួយនេះ ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៨០។ ប៉ុន្តែ លោកបានសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយយោធាដណ្ដើមអំណាចពីរូបលោក ខណៈគណបក្សកាន់អំណាចរបស់លោកផ្ទាល់ ក៏បានទាមទារឱ្យលោកចុះចេញពីអំណាចផងដែរ។
ដោយឡែក ជុំវិញការលាលែងនេះដែរ ប្រភពស្និទ្ធនឹងកិច្ចចរចាបានឱ្យដឹងថា លោក Mugabe មានអាយុ ៩៣ឆ្នាំ បានប្រាប់ក្រុមអ្នកចរចាថា លោកចង់ស្លាប់នៅក្នុងប្រទេសហ្ស៊ីមបាវេ និងគ្មាន បំណងរស់នៅជ្រកកោននៅឯបរទេសនោះទេ។ ដូច្នេះទើបលោកចង់បាន ការធានាការពារសុវត្ថិភាពនៅក្នុងប្រទេស... តែទោះជាបែបនេះក្ដី វាមិនមែនមានន័យថា លោកត្រូវបានហាមឃាត់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស នៅពេលលោកចង់បាននោះឡើយ។
គួរបញ្ជាក់ថា បើតាមប្រធានសភាហ្ស៊ីមបាវេ លោក Emmerson Mnangagwa ជាអតីតអនុប្រធានាធិបតីដែលត្រូវបានលោក Robert Mugabe ដកចេញពីតំណែង នឹងស្បថចូលកាន់ជាប្រធានាធិបតី នៅថ្ងៃសុក្រសប្ដាហ៍នេះ៕