(វ៉ាស៊ីនតោន)៖ កាលពីជាងមួយខែមុន ក្រុមតារាវិទូនៅអាមេរិកបានប្រទះឃើញអាចម៍ផ្កាយមួយដុំដែលគេអះអាងថា មានប្រភពមកពីប្រព័ន្ធព្រះអាទិត្យផ្សេង ហើយវាពិតជារឿងដ៏រំភើប និងកម្រខ្លាំងណាស់ ក្នុងការមានឱកាសបានឃើញដំណើរមកដល់ នៃវត្ថុអវកាសដ៏អស្ចារ្យនោះ។ នេះបើតាមការចែញផ្សាយដោយ វែបសាយ Scientific American នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាចម៍ផ្កាយដែលមានឈ្មោះថា Pan-STARRS1 ត្រូវបានអង្កេតដោយកែវយឺតយក្ស មានមូលដ្ឋាននៅលើ កោះហាវ៉ៃ សហរដ្ឋអាមេរិក កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាត្រូវបានគេអង្កេតដំបូងតាំងពីថ្ងៃទី១៩ ខែតុលា មកម្ល៉េះ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺក្រុមជំនាញបានគូសវាសរូបរាងអាចម៍ផ្កាយក្រៅប្រព័ន្ធនេះឡើង ដោយមើលទៅពិតគួរឲ្យភ្ញាក់ផ្អើលបំផុត។
សម្រាប់រូបរាងដែលត្រូវបានគូសវាសចេញមក តាមទិន្នន័យពីតេឡេស្កូបនោះ គឺជាដុំថ្មអវកាសដែលមានប្រវែងជិតកន្លះគីឡូម៉ែត្រ (ជាង ៤០០ម៉ែត្រ) រាងទ្រវែងតែម្តង ដែលវាប្រៀបបីដូចជាយានអវកាស ដ៏ធំមួយដែលធ្វើដំណើរពីភពផ្សេង តាមការស្រមើស្រមៃដូច្នោះឯង។ ការមកដល់នៃ Pan-STARRS1 គឺជាពន្លឺថ្មីមួយទៀត សម្រាប់ក្រុមតារាវិទូធ្វើការសិក្សាពីអ្វីៗដែលមាននៅក្នុងកាឡាក់ស៊ីនេះ។
កាលពីខែតុលា របកគំហើញដ៏អស្ចារ្យនេះ បានជំរុញក្រុមអ្នកវិទ្យាសាស្ត្រប្រញាប់ប្រញាល់ បង្វែរតេឡេស្កូបរបស់ពួកគេ សំដៅទៅរកវត្ថុដែលធ្វើដំណើរក្នុងល្បឿនដ៏លឿនមួយនេះភ្លាមៗ ដើម្បីព្យាយាមសិក្សាស្វែងយល់ពីវាឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន មុនពេលដែលអាចម៍ផ្កាយនេះ ហោះរសាត់ចេញទៅបាត់ពីកន្ទុយភ្នែកវិញ។
គួរបញ្ជាក់ថា វត្ថុអាថ៍កំបាំងខាងលើមានទំហំតូច ពោលគឺមានមុខកាត់មិនដល់កន្លះគីឡូម៉ែត្រឡើយ ហើយទំនងជាមានប្រភពមកពីបណ្តុំផ្កាយ Lyra និងធ្វើដំណើរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយវិនាទី។ វាត្រូវបានប្រទះឃើញកាលពីថ្ងៃទី១៩ ខែតុលានេះ ដោយកែវយឺត Pan-STARRS 1 នៅរដ្ឋហាវ៉ៃ ស្របពេលកំពុងតាមស្វែងរកដុំថ្មអវកាស ដែលនៅក្បែរៗផែនដី។
ដោយឡែក អាចម៍ផ្កាយនេះ កំពុងបន្តដំណើរចាកចេញទៅវិញក្នុងល្បឿនយ៉ាងល្បឿន សំដៅទៅកាន់បណ្តុំផ្កាយ Pegasus ហើយវាប្រាកដជាទស្សនកិច្ចដ៏កម្របំផុត និងមិនដឹងថា ថ្ងៃណាអាចកើតមានរឿងរ៉ាវដ៏អស្ចារ្យនេះ ម្តងទៀតនោះឡើយ៕