(ស៊ីដនី)៖ អូស្រ្តាលីបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ខិតខំកសាងវត្តមានរបស់ខ្លួនឲ្យបានខ្លាំង នៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់ទំនងជាដៃគូ ដែលមានចិត្តគំនិតដូចគ្នា ហើយទន្ទឹមនឹងនេះទីក្រុងកង់បេរ៉ា បានព្រមានពីការកើនឡើងឥទ្ធិពលរបស់មហាយក្សនៅក្នុងតំបន់នេះផ្ទាល់ គឺប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍រដ្ឋាភិបាលមួយច្បាប់ ស្តីពីគោលនយោបាយការបរទេសអូស្រ្តាលី បានលើកឡើងថា «សហរដ្ឋអាមេរិក ដែលមានភាពព្រងើយកន្តើយ ក៏ដូចជាអសកម្ម នឹងជះផលប៉ះពាល់មិនល្អ ដល់សណ្តាប់ធ្នាប់ពិភពលោក។ អូស្រ្តាលីជឿជាក់ថា បញ្ហាប្រឈមអន្តរជាតិ អាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែនៅពេលមហាអំណាចពិភពលោក ដ៏ជឿនលឿន ពោពេញដោយអានុភាព និងមានជាងគេ ចូលរួមក្នុងការទប់ទល់ដោះស្រាយពួកវា»។
គួរជម្រាបថា អូស្រ្តាលី គឺជាសម្ព័ន្ធមិត្តដ៏ឥតងាករេមួយរបស់សហរដ្ឋអាមេរិក ហើយកងទ័ពនៃប្រទេសទាំងពីរ ធ្លាប់បានប្រកៀកស្មាគ្នា នៅក្នុងសមរភូមិប្រយុទ្ធធំៗនានា អស់ជាច្រើនជំនាន់មកហើយ។ បើតាមរបាយការណ៍ខាងលើ កំណើនសេដ្ឋកិច្ច និងរិទ្ធិអំណាច ដែលអាមេរិកធ្លាប់តែសប្បាយរីករាយនឹងទទួលបាន ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី០២នោះ បច្ចុប្បន្នកំពុងមានចិនជាគូប្រជែងធំ៕