(បូលីវី)៖ រដ្ឋមន្ត្រីថាមពល និងឧស្សាហកម្ម​កាតា លោក Mohammed Saleh Abdulla Al Sada បាននិយាយថា ទីផ្សារឧស្ម័នសកលលោក​អាចនឹងប្រឈមុខនឹង​កង្វះខាត​នៃឧស្ម័ន រាវធម្មជាតិ LNG នៅត្រឹម​ឆ្នាំ២០២៥ ដោយសារតែការ​ខ្វះខាតនៃគំរោង​ចម្រាញ់ថ្មីៗ ខណៈតម្រូវការ​ឧស្ម័នសម្រាប់​ជំនួសធ្យូងថ្ម និងថាមពល​នុយក្លេអ៊ែរ​កាន់តែកើន​ឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម លោក Al Sada តម្រូវឧស្ម័ន LNG នឹងបន្តកើនឡើង​នៅរយៈពេលប៉ុន្មាន​ទសវត្សរ៍ខាង​មុខនេះ ហើយអាច​នឹងកើនឡើង​ដល់ ៥០០លានតោន​ក្នុងមួយឆ្នាំ​ គិតត្រឹមឆ្នាំ២០៣០ ក្រោមហេតុផល​ការកើនឡើង​ នៃតម្រូវការ​ឧស្ម័នជំនួស​ធ្យូងថ្ម និងថាមពល​នុយក្លេអ៊ែរ ព្រមទាំង​ការភិវឌ្ឍន៍ទីផ្សារ​ថាមពល។

រដ្ឋមន្ត្រីថាមពល​កាតារូបនេះ បញ្ជាក់​នៅក្នុង កិច្ចប្រជុំ GECF ក្នុងប្រទេស​បូលីវីកាលពី​ថ្ងៃពុធ ដូច្នេះថា «ការផ្គត់ផ្គងឧស្ម័ន​ធម្មជាតិរាវ (LNG) នឹងកើនឡើងដល់​ចំណុចកំពូល​នៅឆ្នាំ២០២០ ប៉ុន្តែដោយសារ​តែ​គំរោងថ្មីៗ នៃ​ឧស្ម័ន LNG ត្រូវបានគេ​រំពឹងថា នឹងមានចំនួន​តិចតួចស្ដួច​ស្ដើង នោះវានឹងធ្វើឱ្យ​ទីផ្សារ LNG នឹងចាប់ផ្ដើម​រឹតត្បិត ដែលជាហេតុ​នឹងបង្កឱ្យមានកង្វះ​ខាត ដល់ការផ្គត់ផ្គង់នៅ​ឆ្នាំ២០២៥»។

គួរបញ្ជាក់ថា កិច្ចប្រជុំបណ្ដា​ប្រទេសអ្នកនាំ​ចេញឧស្ម័ន ឬGECF ត្រូវបានរៀបចំឡើង​នៅក្នុងប្រទេស​បូលីវី តាំងតែពីថ្ងៃ​អង្គារមកម្ល៉េះ និងមានប្រទេស​ចូលរួមដូចជា អាល់ហ្សេរី, បូលីវី, អេហ្ស៊ីប, អេក្វាឌ័រ, ហ្គីណេ, អ៊ីរ៉ង់, លីប៊ី, នីហ្សេរីយ៉ា, កាតា, រុស្ស៊ី, ទ្រីនីដាត តូបាហ្គូ,​ វេណេស៊ុយអេឡា និងអេមីរ៉ាអារ៉ាប់រួម។ កិច្ចប្រជុំនេះនឹង​ត្រូវបញ្ចប់នៅថ្ងៃសុក្រ​សប្ដាហ៍នេះ៕

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQrUFBUS0gZXgBR0hqqUBtE_ZA4vpwif2OLlIHf057eUMYI_CX_