(រីយ៉ូ)៖ អតីតអភិបាល​រដ្ឋយីរ៉ូ (Rio de Janeiro) លោក Anthony Garotinho និងលោកស្រី Rosinha Garotinho  ត្រូវ​បាន​ចាប់​​ឃាត់​ខ្លួន​នា​​សប្តាហ៍​នេះ ក្រោមបទចោទ​ប្រកាន់ថា បានប្រព្រឹត្ត​អំពើពុក​រលួយ។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតអភិបាលរដ្ឋ​ទាំងពីរខាងលើ ដែលត្រូវជាគូស្វាមី​ភរិយានឹងគ្នា​ផងដែរនោះ កំពុងស្ថិតក្រោម​ការស៊ើបអង្កេត នៃករណីសង្ស័យ​​​មួយ​​ចំនួន​រួមមាន ការ​​ប្រព្រឹត្ត​​​អំពើពុករលួយ, ការមានទំនាក់​ជាមួយ​ឧក្រិដ្ឋជន, និងរឿងក្លែងបន្លំ​សន្លឹកឆ្នោត​ជាដើម ហើយតុលាការ​បានសម្រេច​ចេញដីកាឲ្យឃាត់​ខ្លួនអ្នក​ទាំងពីរ ដើម្បីបង្ការ​ទុកជាមុន។

ការចាប់ខ្លួនបង្ការ​ទុកជាមុន ដែលស្របទៅតាម​ច្បាប់នៃប្រទេស​ប្រេស៊ីល ត្រូវបានអនុវត្ត​ចំពោះជន​ជាប់ចោទ ក្នុងអំឡុងពេល​នៃ​​ការស៊ើបអង្កេត នៅពេលដែលពួកគេ បង្កគ្រោះថ្នាក់​ដល់សង្គម ឬដើម្បីទប់ស្កាត់​ហានិភ័យ ដែលថាពួកគេ​អាច​ឡើង​យន្ត​ហោះ​​រត់​គេច​ខ្លួន ឬមួយក៏បំផ្លាញ​ភស្តុតាង និង​​គំរាមកំហែង​សាក្សីជាដើម។

គួរជម្រាប តាមរយៈការចាប់ខ្លួន​លោក និងលោកស្រី Garotinhos ខណៈពេលនេះ រដ្ឋរីយ៉ូមានអតីត​អភិបាលចំនួន ០៣នាក់ហើយ ដែលកំពុងស្ថិត​ក្នុងពន្ធនាគារ ដោយសារតែ​ពាក់ព័ន្ធនឹងអំពើ​ពុករលួយ ដោយម្នាក់ទៀត​មានឈ្មោះថា Sergio Cabral ដែលបាន​កាន់​តំណែងបន្តពី លោកស្រី Rosinha Garotinho និងត្រូវគេចាប់ឃុំខ្លួន​កាល​ពី​ចុងឆ្នាំ២០១៦៕

https://thumbs-prod.si-cdn.com/AUQeAYCSexH6Chu9Ul5IsIbST8c=/1072x720/filters:no_upscale()/

http://img2.thejournal.ie/article/3077636/river?version=3077741&width=630