(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋកាលី​ហ្វរញ៉ា លោក Jerry Brown នៅថ្ងៃពុធ​សប្ដាហ៍នេះ បានសម្រេចចិត្ត​ចេញបញ្ជាឱ្យលើកលែង​ទោស ដល់បុរសម្នាក់​មានអាយុ ៧០ឆ្នាំ គឺលោក Craig Richard Coley ដែលត្រូវបាន​គេកាត់ទោស​ «ដាក់ពន្ធនាគារ​ទាំងខ្លួនគ្មានកំហុស» ពីបទមនុស្សឃាត​កាលពី​ឆ្នាំ១៩៨០។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Coley ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ​នឹងការស្លាប់របស់ស្ត្រី​ម្នាក់ឈ្មោះ Rhonda Wicht និងកូនប្រុស​របស់នាងអាយុ ០៤ឆ្នាំ ឈ្មោះ Donald កាលពី​ឆ្នាំ១៩៧៨ ក្នុងទីក្រុង Simi Valley​ ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រ ពីភាគខាងលិច​ទីក្រុង​ឡូសអាន់ជែឡែស។ ប៉ុន្តែពីរឆ្នាំ​ក្រោយមក លោកត្រូវតុលាការ​កាត់ទោស​ ពីបទមនុស្សឃាត ទាំងលោកមិនមែន​ជាអ្នក​ប្រព្រឹត្ត ហើយមុននឹង​ត្រូវដោះលែង លោក Coley បានស្នើ​ឱ្យ Board of Parole ដែលជា​គណៈកម្មាធិការ​មួយ​ វិនិច្ឆ័យលើបទឧក្រិដ្ឋ​បើកការស៊ើប​អង្កេតថ្មីមួយកាលពី​ឆ្នាំ២០១៥ តែរហូត​ដល់ថ្ងៃចន្ទ​កន្លងទៅ ទើបនាយកដ្ឋាន​ប៉ូលិស​ទីក្រុង Simi Valley និងការិយាល័យ​រដ្ឋអាជ្ញា​នៃតំបន់ Ventura County ប្រកាសថា ផ្អែកលើ​ការធ្វើ​តេស្ដ DNA លោក Coley ពិតជា ត្រូវបានគេ​កាត់ទោសដោយ​ភ័ន្តច្រឡំ និងជាជនគ្មាន​កំហុសទាល់តែ​សោះ។

គួរបញ្ជាក់ថា បើតាម​លោក Jerry Brown លោក Craig Richard Coley មិនដែលមានប្រវត្តិ​បទល្មើសឡើយ មុននឹងលោក​ត្រូវគេកាត់ទោសពីបទ​មនុស្សឃាត ហើយលោក​គឺជា​អ្នកទោសគំរូម្នាក់ អស់រយៈពេលជិត ០៤ទសវត្សរ៍មកនេះ។ វាមិនមែន​ជារឿង​ថ្មីនោះឡើយនៅអាមេរិក ដោយកាលពីប៉ុន្មានខែមុននេះ ក៏មានបុរសវ័យចំណាស់ម្នាក់​​ត្រូវបានដោះលែងពីគុកវិញដែរ ជាមួយនឹងសំណងរាប់លានដុល្លារ ដោយសារតែទើបរកឃើញ​ថា ជាជនគ្មានកំហុស ប៉ុន្តែសម្រាប់លោកតា ឈ្មោះ Craig វិញគឺមិនទាន់មាន​ព័ត៌មានណា​អះអាងពី​ចំនួនទឹក​ប្រាក់សំណង ដែលបុរសវ័យចំណាស់បានទទួលរងភាពអយុត្តិធម៌បំផុតនេះ ត្រូវទទួលបាននោះឡើយ៕