(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញពី គោលជំហររឹងមំារបស់ខ្លួន តាមរយៈការថ្កោលទោស និងចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តអំពើសាហាវឃោឃៅប្រឆាំង នឹងជនជាតិរូហ៊ីងយ៉ា ហើយដែលក្នុងអំពើទាំងនោះអាចចាត់ទុកថា ជាការបោសសំអាតជនជាតិដើមភាគតិចមូស្លីមមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីសប្ដាហ៍មុនទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសយ៉ាងខ្លាំង លើការបង្រ្កាបជនជាតិរ៉ូហ៊ីងយ៉ា ពីសំណាក់យោធាមីយ៉ាន់ម៉ា។
លោក ធីល្លឺសុន បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីការវិភាគយ៉ាងហ្មត់ ចត់លើការពិតកំពុងឡើងវាច្បាស់ណាស់ថា ស្ថានភាពនៅក្នុងរដ្ឋ Rakhine គឺជាការបោសសំអាតប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា... ហើយការរំលោភបំពានទំាងនោះ បង្កឡើងដោយសារ យោធា កងកម្លាំងសន្តិសុខ និងប្រជាជននៅក្នុងតំបន់មួយចំនួន ដែលជាហេតុបង្ខំឱ្យមនុស្សប្រុសស្រី ក្មេងចាស់ រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេយ៉ាងវេទិនា»។
គួរបញ្ជាក់ថា ជនជាតិរ៉ុហ៊ីងយ៉ាច្រើនជាង ៦២០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស គិតចាប់តាំងពីជម្លោះនៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពីខែសីហាមក។ ចំណែកឯយោធា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួន មានគោលដៅតែទៅលើពួកសកម្មប្រយុទ្ធ និងដើម្បីការពារប្រជាជនស៊ីវិលតែប៉ុណ្ណោះ បើទោះជា ក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សចោទថា ក្រុមយោធាបានប្រព្រឹត្តអំពើបោសសំអាត ពូជសាសន៍ប្រឆាំងរ៉ូហ៊ីងយ៉ាក៏ដោយ៕
https://s4.reutersmedia.net/resources/r/?m=02&d=20171019&t=2&i=1206099063&r=LYNXMPED9H1IS&w=1280