(ឡាហាវ៉ាន់)៖ ប្រទេសគុយបា និងកូរ៉េខាងជើង បានសន្យាពង្រឹងចំណងមិត្តភាពរវាងគ្នាកាន់ខ្លាំងឡើង ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងនយោបាយ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានអះអាងឡើងវិញ ពីគោលជំហររបស់ទីក្រុងឡាហាវ៉ាន់ថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចដោះស្រាយបានតាមរយៈកិច្ចចរចា និងកិច្ចសន្ទនាតែប៉ុណ្ណោះ ហើយថាគុយបាគំាទ្ររាល់ដំណោះស្រាយសន្តិវិធី និងការរក្សា ស្ថេរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។
បន្ថែមពីលើនេះ លោក Bruno Rodriguez ក៏បានទាត់ចោលផងដែរ រាល់ការដាក់ទណ្ឌកម្មឯកតោភាគី និងការបញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវកររបស់សហរដ្ឋអាមេរិក ខណៈលោក Ri Yong Ho ចោទប្រកាន់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េបច្ចុប្បន្នកំពុងស្ថិតពេលវេលាដ៏អាក្រក់ ដោយសារតែការបង្កើនសកម្មភាពយោធា របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានធ្វើដំណើរទៅដល់កាលពីថ្ងៃចន្ទ ហើយគ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា លោក Raul Castro នៅថ្ងៃបន្ទាប់ផងដែរ៕