(អង់ការ៉ា)៖ បន្ទាប់ពីប្រទេសតួកគី បានឆ្លងផុតពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នោះមក រដ្ឋាភិបាលបក្សកាន់អំណាច AKP រួមជាមួយនិងប្រធានាធិបតីលោក Erdogan បានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយមិនខ្វល់ថា ជាចាស់ជរា ស្ត្រីមានផ្ទៃពោះ គ្រូបង្រៀន ឬជនស៊ីវិលនោះឡើយ។ មនុស្សគ្រប់គ្នាអាចក្លាយជា ជនរងគ្រោះដោយសារតែអំណាចដ៏ឃោរឃៅនេះ ដោយគ្រាន់តែត្រូវបាន គេចោទប្រកាន់ថាមានទំនាក់ទំនងនឹង ចលនាហ្គូលែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានបរទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
នេះជារបបថ្មីមួយរបស់លោកប្រធានាធិបតី Erdogan ដែលកំពុងធ្វើទុក្ខបុកម្នេញ ចំពោះប្រជាជនខ្លួនឯងទាំងនៅក្នុងប្រទេសតួកគី ផ្ទាល់ និងនៅឯក្រៅប្រទេស។ ថ្មីៗនេះប្រជាជនតួកគីមួយគ្រួសារ ដែលមានសមាជិកចំនួន០៥នាក់ ត្រូវគេសង្ស័យថាបានលង់ទឹកស្លាប់នៅក្នុងសមុទ្រ Aegean ខណៈដែលពួកគេព្យាយាមរត់គេច ពីការធ្វើទុក្ខបុកម្នេញនៃរបបផ្ដាច់ការរបស់ ប្រធានាធិបតីតួកគី Recep Tayyip Erdogan។
ករណីផ្សេងទៀតដូចជា ការចាប់ឃុំខ្លួនស្ត្រីមានផ្ទៃពោះ ដែលទើបសម្រាលកូនរួច ឲ្យជាប់ឃុំជាមួយកូនដែលទើបនឹងកើតរបស់ពួកគេជាដើម ព្រមទាំងការបិទសាលារៀននៅក្នុងនិងក្រៅប្រទេស ការចាប់ខ្លួនគ្រូបង្រៀន ការបណ្តេញមន្រ្តីយុត្តិធម៌ ប៉ូលីស និងជនស៊ីវិលជាច្រើននាក់ផ្សេងទៀត។ នេះជាផ្នែកមួយនៃយុទ្ធនាការ មានលក្ខណៈជាប្រព័ន្ធរបស់រដ្ឋាភិបាល ដើម្បីបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញចំពោះបណ្តាអ្នករិះគន់ ក៏ដូចជាអ្នកប្រឆាំង។
គួរជម្រាបថា មកដល់ពេលនេះ មនុស្សជាង ១៥០,០០០នាក់ បានបាត់បង់ការងារចិញ្ចិមជីវិត និងចំនួន៥៥,០០០នាក់ត្រូវបានចាប់ខ្លួនដើម្បីធ្វើការចោទសួរ គិតចាំងតាំងតែពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦មក។ អ្នកទាំងនោះមានដូចជាគ្រូបង្រៀន សិស្ស អ្នកនិពន្ធ និងអ្នកសារព័ត៌មានជាដើម៕