(អាហ្សង់ទីន)៖ រដ្ឋាភិបាលអាហ្សង់ទីនបានយល់ព្រមទទួលយកជំនួយពីភាគីរុស្ស៊ី នៅក្នុងប្រតិបត្តិការតាមស្វែងរកនាវាមុជទឹកមួយគ្រឿង ដែលបានបាត់ខ្លួនទៅជាមួយក្រុមនាវិក ៤៤នាក់ កាលពីសប្ដាហ៍មុន។ ប៉ុន្តែព្រមពេលជាមួយគ្នា អាជ្ញាធរអាហ្សង់ទីនបានអះអាងថា ប្រតិបត្តិការស្វែងរកបានចូលដល់ដំណាក់កាលមួយដ៏លំបាកបំផុត ដោយពួកគេខ្លាចក្រែង អុកស៊ីសែននៅលើនាវាមុជទឹកនេះ អាចនឹងអស់សុពលភាពនៅថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជុំវិញការផ្ដល់ជំនួយពីរុស្ស៊ី ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានឱ្យដឹងថា សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយទូរស័ព្ទជាមួយរូបលោក និងបានសម្រេចចិត្តបញ្ជូនកងនាវា និងនាវិកជាច្រើននាក់មានជំនាញខ្ពស់ ដើម្បីជួយដល់ប្រតិបត្តិការស្វែងរក នាវាមុជទឹកឈ្មោះ ARA San Juan ដែលបានបាត់ខ្លួនកាលពីសប្ដាហ៍មុន ក្រោយមានសេចក្ដីរាយការណ៍ថា «មានបញ្ហាអគ្គិសនី»។
បន្ថែមពីលើនេះ ប៉ុន្មានម៉ោងក្រោយមកអាជា្ញធរអាហ្សង់ទីនអះអាងថា ពួកគេចាប់បានសំឡេងចម្លែកមួយ តែមិនថាមិនមែនជាសំឡេង ចេញពីនាវាមុជទឹកនេះទេ ហើយក៏មិនមែនជាសំឡេងផ្ទុះអ្វីដែរ។ គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល ឈីលី កូឡុំប៊ី បារាំង អាល្លឺម៉ង់ ប៉េរូ អាហ្រិ្វកខាងត្បូង អ៊ុយរ៉ាហ្គាយ និងអង់គ្លេស ក៏បានបញ្ជូនកាងនាវា និងយន្ដហោះរបស់ ពួកគេ ទៅជួយអាហ្សង់ទីនផងដែរ ខណៈជោគវាសនានាវិកទាំង ៤៤នាក់ នៅតែស្ថិតក្នុងភាពស្រពិចស្រពិល៕