(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់ និងរដ្ឋាភិបាលតំបន់ស្វយ័តឃើដ ឲ្យបើកកិច្ចសន្ទនាចរចារវាងគ្នានិងគ្នា នៅក្រោមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ ដើម្បីគេចចេញពីការប្រឈមមុខគ្នាដោយសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Sebastiano Cardi ប្រធានក្រុមប្រឹក្សាខាងលើ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមាជិក UNSC បានសាទរចំពោះកិច្ចប្រឹងប្រែងនៃភាគីទាំងពីរ ក្នុងការបន្ធូរបន្ថយភាពតានតឹង ហើយបានអំពាវនាវឲ្យមានការចាប់ផ្តើម បើកកិច្ចចរចារវាងពួកគេ។ លោក Cardi បានបន្តថា ក្រុមប្រឹក្សាសន្តិសុខមានការត្រេកអរជាខ្លាំង ចំពោះការប្តេជ្ញាយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក៏ដូចជាស្រេចក្តីគោរពយ៉ាងខ្ជាប់ខ្ជួនសម្រាប់ធ្វើការមូលដ្ឋានគ្រឹះ នៃការដោះស្រាយតាមរយៈការចរចា។
តាមលោក Cardi ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំ UN សមាជិក UNSC ក៏បានអំពាវនាវឲ្យមានវិធានការចាំបាច់នានា ដើម្បីធានាពីការវិលត្រឡប់មកវិញដោយសុវត្ថិភាព និងស្ម័គ្រចិត្ត នៃជនភៀសខ្លួនទាំងអស់ក្នុងប្រទេសអ៊ីរ៉ាក់ផ្ទាល់ ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនាខែឧសភា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ដោយសារគំរោងប្រកាសឯករាជ្យរបស់ក្រុមឃើដ កាលពីចុងខែកញ្ញានោះ បានធ្វើឲ្យកងកម្លាំងឃើដ និងរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឈមមុខគ្នា ដោយសង្គ្រាម។ សម្រាប់តំបន់ដ៏មានសក្តានុពល នឹងមានជនជាតិឃើដរស់នៅច្រើនបំផុតនេះ បើតាមច្បាប់អន្តរជាតិ គឺជាដែនដីអ៊ីរ៉ាក់ ទោះបីជា ISIS បានរលំរលាយទៅហើយ ដោយសារតែប្រយុទ្ធរបស់ទ័ពឃើដក៏ដោយ៕