(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើង​ពីផែនការរៀបចំ​កិច្ចប្រជុំមួយ ដើម្បីស្វែងរក​សន្តិភាពបញ្ចប់​សង្រ្គាម​ស៊ីវិល នៅក្នុងប្រទេស​ស៊ីរី នារយៈពេល ០៦ឆ្នាំមកនេះ។ លោក ពូទីន ថ្លែងបែបនេះ​នៅក្នុងសេចក្ដី​ថ្លែងការណ៍រួម បន្ទាប់ពីជំនួប​ជាមួយប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួហានី និងប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្កាន់។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​រួមនេះដែរ មេដឹកនាំនៃប្រទេស​ទាំងបី បានជំរុញឱ្យ​រដ្ឋាភិបាល និងក្រុមប្រឆាំង​ស៊ីរី ចូលរួមជាថ្មីក្នុង​កិច្ចចរចាស្វែងរក​សន្តិភាព ប្រកបដោយ​លក្ខណៈស្ថាបនា ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា កាលបរិច្ឆេទសម្រាប់​កិច្ចចរចា មិនត្រូវបាន​ប្រកាសឡើង ខណៈគេជឿជាក់​ថា កិច្ចប្រជុំនេះ​អាចនឹងត្រូវរៀបចំ​ឡើងក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី។ មួយ វិញទៀត គំនិតផ្ដួចផ្ដើមរបស់​ លោក ពូទីន កើតមានឡើង​នៅចំពេលក្រុម​ប្រឆាំង​ស៊ីរី បានចូលរួមកិច្ច​ប្រជុំមួយ​ក្នុងទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ដោយពួកគេ​បាន​ព្រមព្រៀងគ្នា​លើគោលជំហរ​រួម មុននឹងចូលរួម​កិច្ចចរាចា​សន្តិភាព​គំាទ្រជុំចុង​ក្រោយ រៀបចំឡើងដោយ UN នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស​នៅសប្ដាហ៍​ក្រោយ។

គួរបញ្ជាក់ថា កិច្ចចរចា​សន្តិភាព និងបទឈប់បាញ់​សម្រាប់ស៊ីរី ត្រូវបានគេធ្វើ​ឡើងជាច្រើនដងរួច​មកហើយ ប៉ុន្តែមិនដែលបាន​ទទួលជោគជ័យ​អ្វីធំដុំនោះទេ រីឯជម្លោះនៅតែ​បន្តកើត​មាន ហើយប្រជាជនស៊ីរី​នៅតែជាជន​រងគ្រោះ នៅក្នុងបរិបទ​ដែលសង្រ្គាម​បច្ចុប្បន្ន ស្ទើរតែក្លាយ​ជាសង្រ្គាមដណ្ដើមឥទ្ធិពលពីមហាអំណាច នៅក្នុងតំបន់​តាមរយៈការគាំទ្រ​ភាគីជម្លោះ​រៀងៗខ្លួន ក្នុងនោះ​តួកគី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត​គំាទ្រក្រុម​ប្រឆាំងស៊ីរី ខណៈអ៊ីរ៉ង់ និងរុស្ស៊ីគាំទ្រ​រដ្ឋាភិបាល​ស៊ីរី៕