(ហ្ស៊ីមបាវេ)៖ អតីតអនុប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Mnangagwa នឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ហើយត្រូវស្បថឡើងកាន់ជាតំណែងជាប្រធានាធិបតីបន្ត ពីលោក Robert Mugabe នៅសុក្រសប្តាហ៍នេះតែម្តង បន្ទាប់ពីនៅទីបំផុតលោក Mugabe ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតនៅអាហ្រ្វិក បានយល់ព្រមចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋហ្ស៊ីមបាវេ ZBC News បានធ្វើសេចក្តីរាយការណ៍នាថ្ងៃពុធនេះថា «លោកអតីតប្រធានាធិបតី ដែលត្រូវបានចាកចេញពីប្រទេសកំណើត ក្រោយពីរូបលោកត្រូវបានបណ្តេញចេញពីបក្សនិងរដ្ឋាភិបាលនោះ នឹងវិលចូលមកជំនួសតំណែងលោក Robert Mugabe ដែលបានយល់ព្រមចុះចេញពីតំណែង»។
គួរជម្រាបថា កាលពីដើមសប្តាហ៍មុន កម្លាំងយោធាហ្ស៊ីមបាវេ ដែលមានចំណងទាក់ទងជិតស្និទ្ធនឹងលោក Mnangagwa បានសម្រេចចិត្ត ចូលធ្វើគ្រប់គ្រងកាន់កាប់ក្នុងរដ្ឋធានី Hahare ក្រោយពីលោក Mugabe បានបណ្តេញលោក Emmerson Mnagawa ដែលជាសម្ព័ន្ធមិត្តនយោបាយជាង៤០ឆ្នាំរបស់លោក ក្រោមការចោទប្រកាន់ថា ពុំមានភាពស្មោះត្រង់។ ដោយឡែក ទង្វើនោះត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe ដែលមានចេតនាចង់តែងតាំងប្រពន្ធរបស់លោកផ្ទាល់ ធ្វើជាអនុប្រធានាធិបតីជំនួសវិញ៕