(តូក្យូ)៖ យ៉ាងតិចមនុស្ស០២នាក់បានបាត់ខ្លួន ខណៈ០៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿងធុន C2 របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ទៅក្នុងសមុទ្រហ្វីលីពីន ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ភាគអេគ្នេយ៍នៃកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមបណ្តាញសារព័ត៌មានក្នុងប្រទេសជប៉ុនផ្ទាល់ មនុស្សប្រមាណជា១០ឬ១១នាក់ បានមានវត្តមាននៅលើយន្តហោះខាងលើ មុនពេលដែលធ្លាក់ ក្នុងពេលធ្វើដំណើរឆ្ពោះទៅកាន់នាវាដឹកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើប្រតិបត្តិការនៅលើផ្ទៃសមុទ្រហ្វីលីពីន កាលពីវេលាម៉ោងប្រហែល០២៖៤៥នាទីរសៀលថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់កើតហេតុ)។
គួរជម្រាបថា តាមប្រភពដដែល ខណៈពេលនេះមនុស្សចំនួន០៨នាក់ ត្រូវជួយសង្រ្គោះបានភ្លាមៗ ក៏ប៉ុន្តែវាពុំទាន់ច្បាស់ថាតើពួកគេបានទទួលរងរបួសដែរឬយ៉ាងណានោះឡើយ។ យន្តហោះជួបគ្រោះថ្នាក់ខាងលើ គឺជាកម្មសិទ្ធិរបស់នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan នៃសហរដ្ឋអាមេរិក ហើយបានធ្លាក់នៅអំឡុងពេលដែលធ្វើវា កំពុងធ្វើការហោះហើរហ្វឹកហ្វឺន។ សម្រាប់មូលហេតុនៅពីឧប្បត្តិហេតុនេះ នៅពុំទាន់ត្រូវបានដឹងនិងបញ្ជាក់នៅឡើយទេ៕