(តូក្យូ)៖ យន្តហោះមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក មានដឹកមនុស្សចំនួន១១នាក់ បានធ្លាក់នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Telegraph នៅរសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមប្រភពដដែល យន្តហោះខាងលើ បានធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងអាគ្នេយ៍នៃកោះអូគីណាវ៉ា (Okinawa) នៃប្រទេសជប៉ុន ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ នាវាដឹកយន្តហោះចម្បាំងអាមេរិក Ronald Reagan។
គួរជម្រាបថា ភ្លាមៗបែបនេះ គេពុំទាន់ដឹងពីមូលហេតុ ដែលបានបណ្តាលឲ្យយន្តហោះនេះធ្លាក់នៅឡើយទេ ហើយជោគវាសនានៃមនុស្សទាំង១១នាក់ នៅលើនោះ ក៏មិនដឹងជាយ៉ាងណាដែរ៕