(បរទេស)៖ យើងធ្លាប់បានបញ្ជូនយានស្រាវជ្រាវចំនួន ០២គ្រឿង ទៅកាន់ភពពុធ (Mercury)។ មួយគ្រឿងដំបូងឈ្មោះ Mariner 10 បានធ្វើការហោះឆ្វែលជាដដែលៗចំនួនប៉ុន្មានលើក កាលពីទសវត្សរ៍ទី៧០។ យានបន្ទាប់ទី០២ កាលពីប៉ុន្មានឆ្នាំមុន បានឈានដល់ទីបញ្ចប់នៃការបំពេញបេសកកម្មរបស់វា ហើយទម្លាក់ខ្លួនកម្ទេចចោល នៅលើផ្ទៃរបស់ភពពុធដូចទៅនឹងអ្វីដែលយាន Cassini នៅភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមានឈ្មោះថា បេសកកម្ម MESSENGER។ នេះបើតាមការចេញផ្សាយដោយវែបសាយ Quora អំពីវិទ្យាសាស្ត្រ។
យាន MESSENGER បានរកឃើញរឿងចម្លែកៗសឹងតែគ្រប់បែបយ៉ាង ស្តីអំពីភពពុធ ដោយក្នុងនោះមានតាំងពីផ្ទាំងទឹកក ដែលអាចរក្សាវត្តមាននៅលើភពនេះបាន ជាមួយនិងស៊ីតុណ្ហភាពដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរកឃើញសមាសធាតុកាបូនដ៏ចម្លែក, សារធាតុកាល់ស្យូមដ៏ក្រាស់ខុសពីធម្មតា នៅផ្នែកយប់នៃភពនេះ, ព្រមទាំងដែនម៉ាញេទិចដ៏ខុសប្លែកមួយ និងរឿងជាច្រើនផ្សេងទៀតផងដែរ។
ទីបំផុតមនុស្សរាល់គ្នា ក៏នាំគ្នាជជែកពិភាក្សាអំពីភពពុធ ប៉ុន្តែវាពុំមែនជាទីកន្លែង ដែលងាយស្រួលនឹងទៅដល់ឡើយ ដោយយាន MESSENGER ត្រូវចំណាយពេលធ្វើការហោះឆាប Flyby ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់ល្បឿនរបស់វាបានគ្រប់គ្រាន់ ក្នុងការចូលទៅធ្វើគោចរនៅក្បែរ Mercury ហើយម៉្យាងវិញទៀត វាគឺជាបរិស្ថានក៏ដូចជាបរិយាកាសដ៏លំបាកមួយ ដោយសារតែវាហាក់ដូចជាអ្នកដុតនិងបង្កកយានអវកាសរបស់អ្នកចុះឡើងៗអីចឹង នៅទីនោះ ដែលជារឿងមិនល្អប៉ុន្មានឡើយ សម្រាប់គ្រឿងអេឡិចត្រូនិច៕
ក្រុមការងារនៃបេសកកម្ម MESSENGER បានធ្វើការគុណគូរតាមបែបវិទ្យាសាស្ត្រយ៉ាងល្អៗបំផុត និងបានរកឃើញរឿងដ៏ចម្លែកអស្ចារ្យមួយចំនួន ហើយទន្ទឹមនឹងនេះ ពួកគេក៏បានរកឃើញចម្លើយព្រមទាំងសំណួរងឿងឆ្ងល់ជាច្រើនផងដែរ។ ក្រៅពីរឿងទាំងនេះ តើអ្នកចង់បានអ្វីទៀត?
ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេលគោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះមានលក្ខណៈស្ទើរតែទាំងស្រុង ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅជាងគេនោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕