(ឡុងដ៍)៖ ការស្ទង់មតិមួយដឹកនាំដោយ វិទ្យាស្ថានស្រាវជ្រាវ ComRes Research បានបង្ហាញថា ប្រជាជនអង់គ្លេស ៧៨ភាគរយ ជឿជាក់ថារដ្ឋាភិបាលអង់គ្លេស នឹងមិនចំណាយ លើប្រាក់ពន្ធដោយភាពវៃឆ្លាតនោះទេ ខណៈ៦៩ភាគរយយល់ថា ពន្ធនៅក្នុងចក្រភពអង់គ្លេសអាចនឹងកើនឡើង ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ComRes Research បានបញ្ជាក់ដូច្នេះថា «ប្រជាជនអង់គ្លេស ០៧ ក្នុងចំណោម ១០នាក់ ឬស្មើនឹង ៦៩ភាគរយ ជឿថា ពន្ធនៅក្នុងប្រទេសនឹងកើនឡើង នៅពេលទីក្រុងឡុងដ៍ចាកចេញពីសហភាពអឺរ៉ុប។ មិនតែប៉ុណ្ណោះ វិទ្យាស្ថានមួយនេះក៏បានឱ្យដឹងដែរថា ៦៧ភាគរយ នៃអ្នកត្រូវបានសម្ភាសន៍គិតថា រដ្ឋាភិបាល អង់គ្លេសអាចនឹងវិនិយោគកាន់តែច្រើន លើវិស័យសេវាកម្មសាធារណៈ បើទោះជាពន្ធអាចនឹងឡើងថ្លៃខ្ពស់ក៏ដោយ ស្របពេល ៥១ភាគរយ ផ្សេងទៀតបានបង្ហាញពីការត្រៀមលក្ខណៈ របស់ពួកគេក្នុងការចំណាយលើតម្លើងពន្ធ លើវិស័យសេវាកម្មសាធារណៈ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់ ComRes Research ត្រូវបានធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា លើប្រជាជនអង់គ្លេស ២,០៥២នាក់ មានអាយុចាប់ពី ១៨ឡើងទៅ។ ចក្រភព អង់គ្លេសបានបោះឆ្នោតប្រជាមតិ Brixit កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដោយលទ្ធផលគឺប្រជាពលរដ្ឋជាង ៥០% គាំទ្រការចាកចេញពីសហភាពអឺរុប ហើយបើតាមការគ្រោងទុកទីក្រុងឡុងដ៍នឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ នៅដំណាច់ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕