(ហាណូយ)៖ ក្រោយពីទទួលរងព្យុះទីហ្វុងដំរីដ៏កំណាច កាលពីប៉ុន្មានសប្តាហ៍មុន គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ នៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងរយៈពេល ០៣ថ្ងៃកន្លងទៅនេះ បានផ្តាច់ជីវិតមនុស្សចំនួន ០២នាក់ និងបណ្តាលឲ្យម្នាក់ផ្សេងទៀតបាត់ខ្លួន ពុំទាន់រកឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមគណៈកម្មាធិការដឹកនាំការងារមជ្ឈិមរបស់វៀតណាម ទទួលបន្ទុកកិច្ចបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បុរសវ័យ ៥២ឆ្នាំម្នាក់ និងស្រ្តីវ័យចំណាស់ ៨១ឆ្នាំម្នាក់ទៀត ដែលទាំងពីររស់នៅខេត្ត Thua Thien Hue ភាគកណ្តាល បានលង់ទឹកស្លាប់ដោយសារគ្រោះទឹកជំនន់ ហើយស្រ្តីវ័យ ៣៦ឆ្នាំ ម្នាក់មកពីខេត្តដូចគ្នា ត្រូវបានចរន្តទឹកដ៏ខ្លាំងកួចយកទៅ។
ក្រៅពីនេះ ទឹកជំនន់ថែមទាំងបានជន់លិចផ្ទះសម្បែងជិត ៨,៣០០ខ្នង នៅខេត្ត Thua Thien Hue និង ខេត្ត Quang Tri, បំផ្លិចបំផ្លាញដំណាំចំរុះប្រមាណ ១០ហិកតា និងបណ្តាលឲ្យមានការរអិលបាក់ច្រាំងទន្លេ នៅខេត្ត Quang Tri ព្រមទាំងបង្កភាពរាំងស្ទះដល់ប្រតិបត្តិការធ្វើដំណើរតាមផ្លូវដែករវាង ប៉ែកខាងជើង និងខាងត្បូងជាដើម។
គួរជម្រាបថា បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សម្រាប់រយៈពេល ១០ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះធម្មជាតិដែលភាគច្រើនក្នុងទម្រង់ជាទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេសអាស៊ានមួយនេះ បានធ្វើឲ្យមនុស្សសរុបចំនួន ២៤៥នាក់បាត់ខ្លួន និងស្លាប់៕