(ម៉ូស្គូ)៖ ប្រធានាធិបតីឆែក លោក Milos Zeman បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការរត់ប្រណាំងដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងរុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីឆ្វេងនិយមរូបនេះបាននិយាយជាសាធារណៈថា សម្រាប់ប្រទេសឆែករបស់លោក រុស្ស៊ីគឺមានសារៈសំខាន់ជាងបារាំង ១០ដង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Milos Zeman ថ្លែងបែបនេះ នៅក្នុងជំនួបថ្ងៃដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Sochi កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះ លោក Zeman បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខ្ញុំបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារាំង ខ្ញុំនាំទៅជាមួយពាណិជ្ជករតែ ១៤នាក់ប៉ុណ្ណោះ ប៉ុន្តែពេលខ្ញុំធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីមាន ពាណិជ្ជករដល់ទៅ ១៤០នាក់ មកជាមួយខ្ញុំ... ដូច្នេះខ្ញុំអាចនិយាយបានថា សម្រាប់ពួកយើង រុស្ស៊ីគឺសំខាន់ជាងបារាំង ១០ដង»។
គួរបញ្ជាក់ថា លោក Milos Zeman ដែលជាអ្នកនយោបាយគាំទ្ររុស្ស៊ី ចិន និងប្រឆាំងជនភៀសខ្លួន កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសរុស្ស៊ី ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។ ជាងនេះទៅទៀត នៅក្នុងជំនួបថ្ងៃដំបូងជាមួយ លោក ពូទីន រុស្ស៊ី និងឆែក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនមានតម្លៃជាង ២០ពាន់លានដុល្លារ៕