(វ៉ាស៊ីនតោន)៖ កញ្ចប់ទណ្ឌកម្មថី្ម ដែលសហរដ្ឋអាមេរិកបានដាក់បន្ថែម ទៅលើប្រទេសកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងនៃទីក្រុងព្យុងយ៉ាង រួមមានបុគ្គលជនជាតិចិនម្នាក់, អង្គភាពចំនួន១៣, និងកប៉ាល់ចំនួន ២០គ្រឿង ដែលប្រការនេះបានបង្កឲ្យមានការប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរបន្ថែមទៀត លើរដ្ឋកុម្មុយនិស្តជាសម្ព័ន្ធមិត្តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមក្រសួងរតនាគារជាតិអាមេរិក កូរ៉េខាងជើងត្រូវបានគេស្គាល់ថា ពូកែក្នុងការប្រើប្រាស់វិធីបញ្ឆោតភ្នែក ដើម្បីគេចពីការដាក់ទណ្ឌកម្ម រួមមានការផ្ទេរទំនិញរវាងកប៉ាល់ និងកប៉ាល់ជាដើម ដែលជាទង្វើហាមឃាត់ ដោយសេចក្តីសម្រេចលេខ ២៣៧៥ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
រដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោក ស្ទីវិន ម្នូជីន (Steven Mnuchin) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការប្រកាសដាក់ទណ្ឌកម្មថ្មីនេះថា «ការដាក់ទណ្ឌកម្មនេះ រួមមាននូវបណ្តាក្រុមហ៊ុននានា ដែលបានចូលប្រឡូកក្នុងការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដែលគិតជាទឹកប្រាក់សរុបស្មើនឹងរាប់រយលានដុល្លារ។ យើងក៏ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់របស់ពួកគេ ដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងសកម្មភាពបោកបញ្ឆោតរបស់ កូរ៉េខាងជើងផងដែរ»។
បើតាមលោក Mnuchin ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស ចំណុះក្រសួងរតនាគារជាតិអាមេរិក បានដាក់ទណ្ឌកម្មទៅលើជនជាតិចិនម្នាក់ឈ្មោះ Sun Sindong និងក្រុមហ៊ុនរបស់លោកឈ្មោះ Dandong Dongyuan Industrial Co. ក្រោមការចោទប្រកាន់ថា បានធ្វើការនាំចេញទំនិញមានតម្លៃសរុប ២៨លានដុល្លារ ទៅកាន់កូរ៉េខាងជើង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានទាំងសម្ភារៈ ទាក់ទិននឹងការបង្កើតរ៉េអាក់ទ័រនុយក្លេអ៊ែរ។
លើសពីនេះក្នុងចំណោមអង្គភាពដែលរងទណ្ឌកម្ម ក៏រួមមានក្រុមហ៊ុនចិនដ៏ទៃទៀតដូចជា Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., Ltd., និង Dandong Hongda Trade Co. Ltd ជាក្រុមហ៊ុនចំនួន ០៣ ដែលជាប់សង្ស័យថា បាននាំចេញទំនិញគិតជាទឹកប្រាក់ប្រមាណ ៦៥០លានដុល្លារ ទៅកូរ៉េខាងជើង។
គួរជម្រាបថា ទណ្ឌកម្មខាងលើ ក៏ត្រូវបានដាក់ប្រឆាំងទៅលើ ក្រុមហ៊ុនកូរ៉េខាងជើងផងដែរ រួមមានដូចជា Korea Rungrado Shipping Company, Korea Rungrado Ryongak Trading, Yusong Shipping Company, Dawn Marine Management Co. Ltd, Korea Daebong Shipping Company, និង Korea Kumbyol Trading Company រួមនិងកប៉ាល់ជាច្រើនគ្រឿង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនទាំងនេះ៕