(បេរូត)៖ ទីបំផុតនាយករដ្ឋមន្រ្តីលីបង់ លោក Saad al-Hariri បានធ្វើដំណើរទៅដល់រដ្ឋធានីបេរូត (Beirut) នៃប្រទេសលីបង់វិញហើយ កាលពីព្រលប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីរូបលោក បានប្រកាសចុះចេញពីតំណែង ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅរដ្ឋធានីរីយ៉ាដ កាលពីជាង ០២សប្តាហ៍មុន និងថែមទាំងមានការសង្ស័យថា អារ៉ាប៊ីសាអូឌីត បានបង្ខិតបង្ខាំងលោកនាយករដ្ឋមន្រ្តីរូបនេះទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ុន្មានថ្ងៃមុនដំណើរមកដល់នេះ លោក Saad al-Hariri បានចាកចេញពីទីក្រុងរីយ៉ាដ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំង ដើម្បីជួបជាមួយប្រធានាធិបតី លោក Emmanuel Macron ព្រមទាំងទៅប្រទេសអេហ្ស៊ីប ជាទីដែលលោកបានពិភាក្សាជាមួយប្រធានាធិបតី លោក Abdel Fatah Sissi។ ក្រោយមកទៀត លោក Hariri បានបន្តទៅកាន់សាធារណរដ្ឋសាយព្រឺស (Cyprus) ដែលការធ្វើទស្សនកិច្ចដោយមិនបានព្រាងទុក និងបានជួបពិភាក្សាជាមួយប្រធានាធិបតី លោក Nicos Anastasiades។
អតីតនាយករដ្ឋមន្រ្តីលីបង់រូបនេះ បានប្រកាសពីការលាលែងពីតំណែងរបស់លោក អំឡុងពេលស្ថិតនៅរដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយលើកហេតុផល ទាក់ទិននឹងសកម្មភាពប្រដាប់អាវុធរបស់ក្រុមហេបូឡា (Hezbollah) នៅក្នុងនិងក្រៅប្រទេស ជាក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានតំណាងដោយរដ្ឋមន្រ្តី និងស្ថាប័នមួយចំនួននៅក្នុងរដ្ឋាភិបាល ក៏ដូចជាសភាលីបង់។ ម៉្យាងវិញទៀត លោក Hariri ក៏បានបញ្ជាក់ដែរថា លោកបានដឹងអំពីផែនការលួចធ្វើឃាតមួយ ដែលរៀបចំឡើងចំពោះរូបលោកនៅលីបង់ផងដែរ។
ជុំវិញរឿងនេះ ក្រុម Hezbollah និងប្រទេសអ៊ីរ៉ង់ បានអះអាងថា លោក Hariri ត្រូវបានគេចាប់ជាចំណាប់ខ្មាំង ហើយបង្ខំឲ្យប្រកាសលាលែងពីតំណែង ដោយអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងរីយ៉ាដ ខណៈក្រោយមកលោក Hariri ក៏បានច្រានពាក្យចោទប្រកាន់នេះចោល ហើយធ្វើដំណើរទៅជួបជាមួយលោកប្រធានាធិបតីបារាំង នៅឯទីក្រុងប៉ារីស៕