(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវជាថ្មីម្ដងទៀត ឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈកិច្ចសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចូលកូរ៉េខាងជើងជាថ្មី ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
នេះមិនមែនជាលើកទីមួយឡើយ ដែលទីក្រុងប៉េកាំងចេញមុខអំពាវនាវ ឱ្យមានកិច្ចចរចា ដើម្បីដោះស្រាយភាពជាប់គាំងបច្ចុប្បន្ន។ ក៏ប៉ុន្តែ នៅពេលនេះរឿងសំខាន់នោះ គឺក្រុមអ្នក ជំនាញបានព្រមានថា ការបញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃរដ្ឋគំាទ្រភេរវករនឹងបង្កឱ្យមានភាពតានតឹងជាថ្មី នៅលើឧបទ្វីបកូរ៉េ។ ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក លូ កាង បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅតែសង្ឃឹមថា រាល់ភាគីពាក់ព័ន្ធទាំងអស់ អាចនឹងចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ ព្រមទាំងស្វែងរកដំណោះស្រាយមួយ សម្រាប់វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចចរចា និងពិគ្រោះយោបល់»។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀត នៅមុនដំណាច់ឆ្នាំ២០១៧ នេះខណៈក្រុមអ្នកជំនាញក៏បានព្រមានដែរថា ការបញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅរដ្ឋគាំទ្រភេរវករ នឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងបង្ករឿងជាថ្មី ឬបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរដោយយកលែសថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ចិញ្ចឹមចិត្តប្រឆាំងនឹងខ្លួន៕