(សេអ៊ូល)៖ បើទោះជាចិនកំពុងចូលរួមជាមួយសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែយល់ថា មិនទាន់គ្រប់គ្រាន់ឡើយ។ ជាក់ស្ដែងកាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសការដាក់ទណ្ឌកម្មថ្មីមួយ ដោយមានគោលដៅលើអង្គភាពរបស់កូរ៉េខាងជើង និងចិន រួមទាំងនាវាជាច្រើនគ្រឿងដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជួយទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការសម្រេចចិត្តបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចូលកូរ៉េខាងជើងសាជាថ្មីទៅក្នុងបញ្ជីរដ្ឋគំាទ្រ ភេរវករជាផ្នែកមួយនៃការដាក់សម្ពាធ លើរបបដឹកនាំ លោក គីម ជុងអ៊ុន ឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានោះដែរ បើតាមក្រសួងរតនាគារជាតិអាមេរិក ទណ្ឌកម្មថ្មី នេះមានគោលដៅទៅលើបុគ្គលចិនមួយរូប អង្គភាពចំនួន ១៣ នៅក្នុងប្រទេសចិន និងកូរ៉េខាងជើង ព្រមទាំងនាវាចំនួន ២០គ្រឿង កាន់កាប់ដោយកូរ៉េខាងជើង ដែលនឹងត្រូវបានហាម ឃាត់ពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញខ្លះ បើទោះជាចិនកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើទីក្រុងព្យុងយ៉ាងក៏ដោយ តែមិនមែនមានន័យថា ទីក្រុងប៉េកាំងចង់ ឬក៏បណ្ដោយឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន រលំរលាយនោះទេ។ ម្យ៉ាងវិញទៀត ចិនធ្វើបែបនេះ គ្រាន់តែដើម្បីរក្សារូបភាពល្អរបស់ខ្លួន នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ ណាមួយខណៈសហរដ្ឋអាមេរិកកំពុងបង្កើន ឥទ្ធិពលយោធាកាន់តែខ្លំាងនៅក្នុងតំបន់ ចិននៅតែត្រូវការកូរ៉េខាងជើង ជាទ្រនាប់ការពារខ្លួនពីការឈ្លានពានណាមួយ របស់សហរដ្ឋអាមេរិក៕