(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានប្រកាសហើយពីជ័យជម្នះលើពួក ISIS នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី បាស្សា អាល់អាសាដជាសម្ព័ន្ធមិត្តរបស់ខ្លួន បានវាយដណ្ដើមយកទីក្រុង Abou Kamal ពីពួកភេរវករនេះមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក រូហានី ប្រកាសពីជ័យជម្នះនេះនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ហើយនៅថ្ងៃអង្គារនេះ មេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Qassem Soleimani ក៏បានប្រកាសពីជ័យជម្នះនេះផងដែរ នៅក្នុងសារមួយផ្ញើជូនមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ayatollah Ali Khamenei។ «នៅថ្ងៃនេះដោយសារតែមានការចង្អុលបង្ហាញផ្លូវ ពីព្រះជាម្ចាស់ និងការតស៊ូរបស់ប្រជាជននៅក្នុងតំបន់ យើងអាចនិយាយបានថាពួកបិសាច (ISIS) បានទទួលបរាជ័យ»។ នេះគឺជាការលើកឡើងរបស់លោក រូហានី។
គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយដណ្ដើមគ្រប់គ្រងទីក្រុង Albou Kamal បានទាំងស្រុងដែលជាមូលដ្ឋានដ៏រឹងមំាចុងក្រោយនៃពួក ISIS នៅស៊ីរី។ ដូច្នេះតាមរយៈជ័យជម្នះនេះ ពួក ISIS កំពុងគ្របគ្រង់ភូមិ និងតំបន់មួយចំនួនប៉ុណ្ណោះនៅតាមបណ្ដាយទន្លេ Euphrate៕