(នីហ្សេរីយ៉ា)៖ ករណីបំផ្ទុះគ្រាប់បែក​អត្តឃាតមួយ បានផ្តាច់ជីវិត​មនុស្ស ៥០នាក់ នៅព្រះវិហារ​មួយកន្លែង​ក្នុងក្រុង Mubi ភាគ​ឦសាន​នៃប្រទេស​នីហ្សេរីយ៉ា។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ប៉ូលិសរដ្ឋ Adamawa បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «ពួកយើងទទួល​ដំណឹងថា មានហេតុការណ៍​បំផ្ទុះគ្រាប់​​នៅឯ​ព្រះវិហារមួយកន្លែង ក្នុងក្រុង Mubi ហើយមនុស្ស ៥០នាក់ បានបាត់បង់ជីវិត។ ក្មេងប្រុស​ជំទង់ម្នាក់​វ័យខ្ទង់ ១៧ឆ្នាំ មាន​ពាក់អាវបង្កៃគ្រាប់បៃ បានបន្លំខ្លួន​ចូលទៅក្នុង​ព្រះវិហារ ជាមួយនិង​អ្នកប្រតិបត្តិសាសនា​ដទៃទៀត។ ភ្លាមៗក្រោយ​ពីបួងសួងរួច​យុវជនរូបនោះ ក៏បានបំផ្ទុះគ្រាប់បែក​នៅជាប់ខ្លួន»។

គួរជម្រាបថា តួលេខនៃអ្នក​ស្លាប់អាចនឹងកើនឡើង​ថែមទៀត ខណៈមនុស្សជា​ច្រើននាក់ ដែលបាន​រងរបួស ក្នុងហេតុការណ៍​​ដ៏​អាក្រក់នេះ កំពុងទទួលការ​ព្យាបាលនៅឯមន្ទីរពេទ្យ​នានា នៅភាគ​ខាងជើង​ក្រុង Mubi ជាទីដែលការ​វាយប្រហារ បានកើតឡើង​​​នៅក្នុងបរិវេណ​នៃតំបន់ Kunu Araha៕