(អាហ្សង់ទីន)៖ ជោគវាសនារបស់ក្រុមនាវិកទាំង ៤៤នាក់ នៅលើនាវាមុជទឹកមួយគ្រឿង បានបាត់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ខណៈ ក្រុមអ្នកជួយសង្រ្គោះនៅសល់ពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ ដើម្បីកំណត់ទីតាំងដែលនាវាមុជទឹកនេះស្ថិតនៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមអ្នកនំាពាក្យកងនាវាអាហ្សង់ទីន លោក Enrique Balbi រលកសំឡេងត្រូវគេចាប់បានកាលពីថ្ងៃចន្ទ មិនមែនមានប្រភពមកពីនាវាមុជទឹក San Juan នោះឡើយ ដែលនេះបានធ្វើឱ្យក្ដីសង្ឃឹមក្នុងការស្វែងរកនាវាមុជទឹកនេះ កាន់តែខើចទៅៗ។ បន្ថែមពីលើនេះ លោក Enrique ក៏បានបញ្ជាក់ដែរថា ប្រតិបត្តិការស្វែងរកចំណាយពេល ០៥ថ្ងៃ មកនេះបាន ឈានដល់ដំណាក់កាលមួយកាន់តែលំបាក ដោយសារតែសុពលភាព នៃខ្យល់អុកស៊ីហ្សែននៅលើនាវាមុជទឹកជិតអស់។ ពោលគឺជាធម្មតាបើសិនជានាវាមុជទឹកនៅលើផ្ទៃទឹក នោះខ្យល់ អុកស៊ីហ្សែនអាចមានសុពលភាព ៣០ថ្ងៃ ប៉ុន្តែបើនាវាមុទឹក San Juan ស្ថិតនៅក្រោមបាតសមុទ្រ ខ្យល់អុកស៊ីហ្សែនអាចទ្រទ្រង់បាន ០៧ថ្ងៃប៉ុណ្ណោះ ដូច្នេះក្រុមអ្នកសា្រវជ្រាវនៅសល់ ពេលតែពីរថ្ងៃ ដើម្បីកំណត់ទីតាំងដែលនាវាមុជទឹកនេះស្ថិតនៅ។
គួរជម្រាបថា នាវាមុជទឹក San Juan ដែលមានផ្ទុកនាវិកចំនួន ៤៤នាក់ នៅលើនោះ បានបាត់ខ្លួនចាប់តាំងពីបានធ្វើការទាក់ទងលើកចុងក្រោយ កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលកំពុងធ្វើដំណើរចេញពីកំពង់ផែក្រុង Ushuaia ទៅកាន់ទីក្រុង Mar del Plata ក្នុងខេត្ត Buenos Aires នៃប្រទេសអាមេរិកឡាទីនមួយនេះ៕