(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានទទួល​ស្វាគមន៍ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ សម្រាប់កិច្ច​ពិភាក្សាមួយ ដែលមេដឹកនាំទំាងពីរបាន​ឯកភាពគ្នាថា ប្រតិបត្តិការ​យោធា​នៅក្នុងប្រទេសស៊ីរី​គួរតែត្រូវ​បញ្ចប់ ដើម្បីបើកផ្លូវ​ឆ្ពោះទៅរក​ដំណោះស្រាយ​នយោបាយ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​មួយ ចេញផ្សាយដោយ​វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ លោក ពូទីន បានលើកឡើង​ដូច្នេះថា «យើងនៅ​មានផ្លូវវែងឆ្ងាយ​ដែលត្រូវដើរ មុននឹង​យើងទទួល បានជ័យជម្នះ​ទំាងស្រុង​លើពួកភេរវករ... ក៏ប៉ុន្តែទាក់ទិន​នឹងការងារ​រួមគ្នា​របស់ពួកយើង ក្នុងការប្រយុទ្ធ​ប្រឆាំងជាមួយ​ពួកភេរវករ នៅលើទឹកដី​ស៊ីរី ប្រតិបត្តិការ​យោធានេះ​ចាំបាច់ត្រូវតែ បញ្ចប់ឱ្យ​បានឆាប់ ហើយខ្ញុំគិតថា​អ្វីដែលសំខាន់​នៅពេលនេះ នោះគឺការស្វែងរក​ដំណោះស្រាយ​នយោបាយ ក៏ដូចជាធ្វើ​ការងារជាមួយអ្នកចង់​បានសន្តិភាព និងដំណោះស្រាយ ពិតប្រាកដ​ដើម្បីបញ្ចប់​សង្រ្គាម»

គួរបញ្ជាក់ថា បើតាមវិមាន​ក្រឹមឡាំង ជំនួបរវាង​លោក ពូទីន និងលោក អាស្សាដ​ ត្រូវបានធ្វើឡើងកាលពី​ថ្ងៃចន្ទ ក្នុងទីក្រុង Sochi។ ក្នុងជំនួបនេះ លោក ពូទីន បញ្ជាក់​ដែរថា​លោក ចង់ជួបលោក អាស្សាដ នៅក្នុងកិច្ចប្រជុំមួយ​គ្រោងនឹងធ្វើឡើង​នៅសប្ដាហ៍នេះ ក្នុងប្រទេសរុស្ស៊ី ដោយមានការចូលរួម​ពីមេដឹកនាំ​អ៊ីរ៉ង់ និងតួកគី ដែលសុទ្ធជា​អ្នកបាន​និងកំពុងលូកដៃ ក្នុងសង្រ្គាម​នៅស៊ីរី៕