(វ៉ាស៊ីនតោន)៖ ការសម្លាប់ជន​ស៊ីវិលដោយ​ភ័ន្តច្រឡំ និងការបរាជ័យ​ក្នុងការបញ្ជាក់​ពីចំនួនជនស៊ីវិល​ ដែលបានបាត់បង់ជីវិត​ពីសំណាក់​សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹងពួក​ភេរវករ ISIS​ នឹងមានតែ​បញ្ឆេះការស្អប់ខ្ពើម​ក៏ដូចជា បង្កើតរូបភាព​អាក្រក់របស់ ​មហាអំណាច​ប្រជាធិបតេយ្យមួយនេះ នៅលើឆាកអន្តរជាតិ​តែ​ប៉ុណ្ណោះ។ នេះបើតាម​សកម្មជន សន្តិភាព​ពិភពលោក លោក​ស្រី Helen Caldicott ដកស្រសង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។​

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ Sputnik លោក​ស្រី Helen Caldicott បាន​លើកឡើងយ៉ាងដូច្នេះថា «យោធាអាមេរិក​មិនបានរាប់ចំនួន​ជនស៊ីវិល ដែលពួកគេ​បានសម្លាប់​ដោយភ័ន្ត​ច្រឡំ​នោះទេ ដោយពួក​គេរាប់តែចំនួន​កងទ័ពអាមេរិក ដែលបានស្លាប់តែ​ប៉ុណ្ណោះ... វាគឺជាការ​វាយប្រហារ​តាមផ្លូវអាកាស​ សម្លាប់​មនុស្សពី​ចំងាយ ដោយយន្ដហោះ​គ្មានមនុស្ស​បើក រីឯ មនុស្សជា​ច្រើនចង់ដឹងថា ហេតុអ្វីបានជា​យុវជនវ័យក្មេង​ ចូលរួមជាមួយ​ពួកភេរវករ ហើយតើអ្នក​មានអារម្មណ៍​យ៉ាងណា នៅពេលបាន​ឃើញម្ដាយ​របស់អ្នក នៅមុនសេចក្ដី​ស្លាប់ធ្លាក់ចុះ​ពីលើ​មេឃ»

លោកស្រី Helen បានបង្កត់ធ្ងន់ថា «ជាងនេះទៅទៀត នៅពេលខ្ញុំបាន​អានដំបូងពីយន្ដហោះគ្មាន​មនុស្សបើក និងសមត្ថភាព​សម្លាប់មនុស្ស​ពីចំងាយ​របស់វា ខ្ញុំពិតជារន្ធត់​ណាស់ ខណៈយោធា​អាមេរិក ចូលចិត្តប្រើវា​នៅក្នុងសង្រ្គាម ដោយហេតុថា វាមិនបណ្ដាល​ឱ្យយោធាអាមេរិក​ណាម្នាក់ ធ្លាក់ចូលក្នុង​រណ្ដៅ​គ្រោះថ្នាក់ ក៏ប៉ុន្តែចង់​ឬមិនចង់ ការសម្លាប់​ជនស៊ីវិលដោយ​ភ័ន្តច្រឡំ និងការ បរាជ័យ​ក្នុងការបញ្ជាក់ពីចំ​នួនជនស៊ីវិល ដែលបាន​បាត់បង់ជីវិត​ពីសំណាក់​សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ ISIS​ នឹងមានតែ​បញ្ឆេះការ​ស្អប់ខ្ពើម ក៏ដូចជាបង្កើត​រូបភាពអាក្រក់​របស់ទីក្រុង​វ៉ាស៊ីនតោន នៅលើឆាក​អន្តរជាតិ​តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា លោកស្រី Helen Caldicott គឺជាស្ថាបនិក​នៃPhysicians for Social Responsibility ដែលជាអង្គការ​មួយទទួលបាន​សហពានរង្វាន់ណូបែល​សន្តិភាព កាលពីឆ្នាំ១៩៨៥៕

http://s3.reutersmedia.net/resources/r/?m=02&d=20170102&t=2&i=1167351340&r=LYNXMPED010GJ&w=1280