(អាមេរិក)៖ កែវយឺតអវកាស Kepler ដែលបានជួយធ្វើការរុករកឃើញភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ចំនួនប្រមាណ ២,៣០០ភពមកហើយ ក្នុងអំឡុងពេលនៃការបំពេញបេសកកម្ម តាមប្រមាញ់ភពមានឈ្មោះថា K2 របស់ខ្លួននោះ ក៏បានបម្រើជាប្រយោជន៍យ៉ាងខ្លាំង ក្នុងការកំណត់ភពធ្វើគោចរលឿនជាងគេបង្អស់ ដែលត្រូវបានរកឃើញមកទល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
មួយថ្ងៃនៅលើផែនដី ដែលជាពេលសម្រាប់ឲ្យភពរបស់យើងវិលជុំវិញខ្លួនឯងនោះ គឺមានរយៈពេល ២៤ម៉ោង ហើយមួយឆ្នាំនៅលើផែនដីមានរយៈពេល ៣៦៥ថ្ងៃ ដែលកំឡុងពេលនោះ ភពផែនដីធ្វើដំណើរក្រឡឹងជុំវិញព្រះអាទិត្យ។ ក្នុងចន្លោះពេលមួយឆ្នាំៗ ពួកយើងតែងមានរដូវប្រាំង រដូវវស្សា ថ្ងៃបុណ្យទាន-ឈប់សម្រាក និងវេលាវិសេសៗដទៃៗទៀត។ តើវាពិតជារឿងអស្ចារ្យណាស់មែនទេ?
យ៉ាងណាមិញអ្វីទាំងអស់នេះ ពុំអាចកើតឡើងនៅលើភពមួយដែលមានឈ្មោះថា EPIC 246393474b បានឡើយ ដោយនៅទីនោះមួយឆ្នាំមានរយៈពេលត្រឹមតែប្រមាណជា ០៧ម៉ោងប៉ុណ្ណោះ។ ពិតមែនហើយ ភពនេះ ដែលត្រូវបានគេស្គាល់ឈ្មោះម៉្យាងទៀតថា C12_3474b នោះ គឺលឿនជាងគេបំផុត ក្នុងចំណោមភពដទៃៗទៀត ដែលត្រូវបានរកឃើញនាពេលកន្លងមក ដោយវាចំណាយពេលតែ ៦.៧ម៉ោងប៉ុណ្ណោះ ដើម្បីវិលជុំវិញផ្កាយរបស់វា។
អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ ភពល្បឿនលឿនដែលទើបរកឃើញថ្មីនេះ តាមពិតមានទំហំធំជាងផែនដីដល់ទី ០៣ដង និងធ្ងន់ជាងដល់ទៅជាង ០៥ដង។ ភពខាងលើនេះ ធ្វើដំណើរក្រឡឹងជុំវិញផ្កាយមេរបស់វា តែត្រឹមចម្ងាយ ៦៥០,៦៩០គីឡូម៉ែត្រប៉ុណ្ណោះ ដែលស្មើនឹង ០៣ដងនៃរយៈចម្ងាយរវាងផែនដី និងព្រះច័ន្ទ។
គួរជម្រាបថា នៅចម្ងាយកៀកយ៉ាងនេះនឹងផ្កាយរបស់វា សំណាងហើយដែលភពមួយនេះ ពុំត្រូវបានរំលាយឲ្យសាបសូន្យតែម្តងនោះ៕