(ម៉ូស្គូ)៖ ស្របពេលដែលសភារបស់ខ្លួន កំពុងរៀបចំនីតិវិធីដើម្បីចាត់វិធានការទៅលើ ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅក្នុងប្រទេសនោះ រុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងត្រៀមលក្ខណៈបានរួចរាល់ ដើម្បីដកការដាក់កំហិតផ្សេងៗចេញវិញ ពីបណ្តាផ្សព្វផ្សាយនានា ដែលត្រូវបានចាត់ទុកថា ភ្នាក់ងារបរទេសក្រោយពីទង្វើដូចគ្នានេះ ត្រូវបានធ្វើឡើង ចំពោះបណ្តាញព័ត៌មានរុស្ស៊ី នៅឯប្រទេសលោកខាងលិចពោល គឺអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
សមាជិកជាន់ខ្ពស់នៃសភារុស្ស៊ី លោកស្រី Valentina Matvienko បានលើកឡើងថា «នៅពេលណាដែល ការរឹតត្បិតទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់យើង ត្រូវបានដកចេញវិញនោះ យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើបែបនោះដូចគ្នាភ្លាមៗផងដែរ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា វាពុំមែនជាការជ្រើសរើសរបស់យើងឡើយ... ពួកយើងមិនមែនជាអ្នកបង្កបញ្ហានេះឡើងនោះទេ។ ប៉ុន្តែនៅក្នុងស្ថានការណ៍បែបនេះ យើងគ្មានជម្រើសអ្វីក្រៅតែពីការ ប្រើចំណាត់ការឆ្លើយតបបែបកញ្ចក់ឡើយ»។
លោកស្រី Matvienko បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលទើបត្រូវបានអនុម័យគាំទ្រដោយសភាជាន់ទាបរុស្ស៊ី ហើយនឹងត្រូវឆ្លងកាត់ការពិចារណារបស់សភាជាន់ខ្ពស់ នាសប្តាហ៍នេះនោះ គឺស្របទៅតាមវិធានការឆ្លើយតបបែបកញ្ចក់របស់យើង តាមរយៈការចាត់ថ្នាក់ក្រុមអ្នកកាសែតបរទេស ដែលទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលបរទេស ជាភ្នាក់ងាររបស់បរទេស។
លោកស្រី Matvienko បានពន្យល់បកស្រាយដូច្នេះថា «យើងមិនមែនកំពុងហាមប្រាម ការបំពេញការងាររបស់ពួកគេនៅទីនេះឡើយ។ យើងគ្រាន់តែដាក់ពួកគេ ឲ្យស្ថិតនៅក្នុងស្ថានភាពដូចគ្នាប៉ុណ្ណោះ គឺស្ថានភាពមិនអំណោយផលសម្រាប់អ្នកសារព័ត៌មាន ដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើង កំពុងទទួលរង»។
គួរជម្រាបថា ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT និង Sputnik បានប្រឈមនឹងសម្ពាធជាខ្លាំងពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដោយក្រុមអ្នកតំណាងរាស្រ្ត និងសហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះ ទំនងជាមានជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានព្យាយាមជះឥទ្ធិពលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ ដោយឡែក កាលពីដើមសប្តាហ៍មុន RT America ដែលជាសាខារបស់សារព័ត៌មាន RT ត្រូវបានបង្ខំឲ្យចុះក្នុងបញ្ជីជាទីភ្នាក់ងារបរទេស នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោមច្បាប់ Foreign Agents Registration Act ទៅតាមការទាមទាររបស់ក្រសួងយុត្តិធម៌អាមេរិក៕