(ប៉េកាំង)៖ ឆាប់បំផុតនៅក្នុងកំឡុងពេល ០៦ខែដំបូងនៃឆ្នាំ២០១៨ កងទ័ពរំដោះប្រជាជនចិន PLA ត្រូវគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធមីស៊ីលផ្លោង បាញ់ឆ្លងទ្វីបប្រភេទថ្មីហៅថា Dongfeng-41 ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន និងមានសមត្ថភាពវាយប្រហារលើ គោលដៅនៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Global Times ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមប្រភពដដែល មីស៊ីលផ្លោង Dongfeng-41 អាចរត់ក្នុងល្បឿនបានរហូតដល់ទៅកម្រិត Mach 10 ដែលស្មើនឹងជាង ១១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើប្រាស់បញ្ឆេះភ្លើង Flare បញ្ឆោតដើម្បីការពារខ្លួន ពីប្រព័ន្ធខែលការពារដែនអាកាសនានា។ មីស៊ីលនេះ ត្រូវគេរាយការណ៍ថា បានឆ្លងកាត់ការធ្វើតេស្តចំនួន ០៨លើកមកហើយ គិតចាប់តាំងពីឆ្នាំ២០១២ ដែលជាហេតុនាំឲ្យក្រុមអ្នកវិភាគជឿជាក់ថា វាច្បាស់ជាមានការរីកចម្រើនទៅមុខខ្លាំងហើយ បានជា PLA ត្រៀមលក្ខណៈប្រកាសដាក់ឲ្យប្រើប្រាស់បែបនេះ។
គួរជម្រាបថា មីស៊ីលខាងលើមានរយៈចម្ងាយវាយប្រហារចន្លោះពី ១០,០០០គីឡូម៉ែត្រ ទៅ ១២,០០០គីឡូម៉ែត្រ និងមានបណ្តាយប្រវែងប្រហែល ១៥ម៉ែត្រ ជាមួយមុខកាត់ប្រមាណ ០២ម៉ែត្រ និងទម្ងន់ប្រហាក់ប្រហែល ៣០,០០០គីឡូក្រាម។ លើសពីនេះ Dongfeng-41 អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ១០គ្រាប់ ដែលមួយគ្រាប់ៗអាចវាយប្រហារលើគោលដៅផ្សេងដាច់ដោយឡែកពីគ្នាបាន៕