(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យតុលាការកំពូលអាមេរិក អនុញ្ញាតការហាមឃាត់ចុងក្រោយលើការធ្វើដំណើររបស់ លោក ត្រាំ បានចូលជាធរមានពេញលេញ បន្ទាប់ពីសាលាឧទ្ធរណ៍រដ្ឋកាលីហ្វរញ៉ា បានសម្រេចចិត្តកាលពីសប្ដាហ៍មុនថា មានតែផ្នែកខ្លះនៃបម្រាមប៉ុណ្ណោះបានចូលជាធរមាន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសំណើដាក់ជូនតុលាការកំពូល រដ្ឋបាលលោក ត្រាំ បានបញ្ជាក់ថា បម្រាមចុងក្រោយលើការធ្វើដំណើរ មានភាពខុសគ្នាទៅនឹងបម្រាមមុនៗ ទំាងនីតិវិធី និងសមាសធាតុ ហើយថាភាពខុសគ្នានេះឈរលើមូលដ្ឋានផលប្រយោជន៍សន្តិសុខជាតិ និងកិច្ចការបរទេស មិនមែនជាការបង្កឧបសគ្គ ឬរើសអើងផ្នែកសាសនានោះទេ។
គួរបញ្ជាក់ថា បម្រាមហាមឃាត់ការធ្វើដំណើររបស់ លោក ដូណាល់ ត្រាំ ត្រូវបានប្រកាសកាលពីថ្ងៃទី២៤ ខែកញ្ញា ប៉ុន្តែត្រូវកែប្រែជាច្រើន ក្រោយមានការជំទាស់ពីតុលាការសហព័ន្ធ៕