(សេអ៊ូល)៖ សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​បញ្ចូលកូរ៉េខាងជើង​ជាថ្មី ទៅក្នុងបញ្ជីខ្មៅ​នៃរដ្ឋគាំទ្រ​ភេរវករ ហើយដែលនេះ​គឺជាកាយវិកា​មួយ សំដៅបង្កើនការដាក់​សម្ពាធលើ​របបដឹកនាំ កូរ៉េខាងជើង​សម្រាប់ការរឹងទទឹងបន្តអភិវឌ្ឍន៍​មីស៊ីលផ្លោង និងអាវុធ​នុយក្លេអ៊ែរ ដែលប្រការណាស់​ពិតណាស់​ថានឹងបង្កឲ្យទីក្រុង​ព្យុងយ៉ាង កាន់តែឆាបឆេះ​កំហឹងឡើងថែម​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការសម្រាប់ចិត្ត​បែបនេះ ធ្វើឡើង​ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន​កាលពី​ថ្ងៃចន្ទ បន្ទាប់ពីលោក​បានបញ្ចប់ដំណើរ​ទស្សនកិច្ច​ក្នុងតំបន់អាស៊ី​ កាលពី សប្ដាហ៍មុន។ ថ្លែងនា​ឱកាសនោះ លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ការបញ្ចូល​កូរ៉េខាងជើង​ទៅក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ​ គួរតែត្រូវបានធ្វើកាលពី​ប៉ុន្មានឆ្នាំ​មុនមក ម្ល៉េះ... ហើយក្រៅតែពីការគំរាមកំហែង បំផ្លាញពិភពលោក​ដោយ​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង បានគាំទ្រដល់​សកម្មភាព​ភេរវកម្មអន្តរជាតិ​ជាច្រើនដង ក្នុងនោះរួមមាន​ទាំងការ​ធ្វើឃាតមនុស្ស នៅលើទឹកដី​នៃប្រទេស​ដទៃ»

គួររលឹកថា កូរ៉េខាងជើង​ត្រូវបានសហរដ្ឋអាមេរិក​បញ្ចូលក្នុង​បញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ​ម្ដងរួចមកហើយ​កាលពី​ឆ្នាំ១៩៨៨ ក្រោយត្រូវ​បានចោទប្រកាន់​ថា មានជាប់ពាក់ព័ន្ធ​នឹងការ វាយប្រហារ​បំផ្ទុះគ្រាប់បែក​លើយន្ដហោះ​មួយគ្រឿង របស់ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងត្បូង​ដែលបានផ្ដាច់​យកអាវុធ​ជីវិតមនុស្ស ១១៥នាក់។ ប៉ុន្តែនៅ​ឆ្នាំ២០០៨ រដ្ឋបាល​អតីត ប្រធានាធិបតី​អាមេរិក ចច ដាប់ប៊ែលយូ ប៊ូស បានដកទីក្រុងព្យុងយ៉ាង​ចេញពីបញ្ជីខ្មៅ​នេះវិញ ដើម្បីជាថ្នូរ​នឹងការដំណើរ​ការកិច្ចចរចា​ ៦ភាគី ស្ដីពីនុយក្លេអ៊ែរ​កូរ៉េខាងជើង៕

https://s2.reutersmedia.net/resources/r/?m=02&d=20171120&t=2&i=1210569257&r=LYNXMPEDAJ1CE&w=1280

https://s.yimg.com/ny/api/res/1.2/cDV0PErmCLYVTwBp6rl3CA--/YXBwaWQ9aGlnaGxhbmRlcjtzbT0xO3c9ODAw/http://media.zenfs.com/en/homerun/feed_manager_auto_publish_494/f9a48bd21876f2600635bc6c07671471