(ហ្ស៊ីមបាវេ)៖ សមាជិកគណបក្សកាន់អំណាច Zanu-PF នៅក្នុងប្រទេសហ្ស៊ីមបាវេ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាលើលទ្ធភាពទម្លាក់លោក Robert Mugabe ពីតំណែងជាប្រធានាធិបតី បន្ទាប់ពីឱសានវាទឱ្យលោកលាលែងពីតំណែងដោយខ្លួនឯងបានផុតកំណត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យ គណបក្ស ZANU-PF បានសម្រេចចិត្តតែងតាំងលោក Emmerson Mnangagwa ដែលត្រូវបានលោក Mugabe បណ្ដេញចេញពីតំណែងកាលពីជាងពីរ សប្ដាហ៍មុនឱ្យកាន់តំណែងជាប្រធានបក្សថ្មី និងជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨ ហើយមិនតែប៉ុណ្ណោះ ភរិយារបស់ប្រធានាធិបតីវ័យ៩៣ឆ្នាំរូបនេះក៏ត្រូវ គេបណ្ដេញចេញពីបក្សផងដែរ។ តែទោះជាបែបនេះក្ដីថ្លែងនៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍រយៈពេល២០នាទី លោក Robert Mugabe មិនបានប្រកាស លាលែងពីតំណែងជាប្រធានាធិបតីឡើយ ដោយទាំងសន្យាទៀតថាលោកនឹងបន្តធ្វើជាប្រធានបក្សរហូតដល់ថ្ងៃសមាជបក្សដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ។
គួរបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវេ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី រីឯអ្នកនយោបាយជាច្រើននៅក្នុងប្រទេស យល់ថាលោកមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែង ជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ។ តែ ដោយសារតែទង្វើនេះហើយ ទើបយោធាហ្ស៊ីមបាវេចូលធ្វើអន្តរាគមន៍ដណ្ដើមអំណាចពីលោក Mugabe៕