(ហាណូយ)៖ អាជ្ញាធរវៀតណាម នៅតំបន់ភាគកណ្ដាលប្រទេស កំពុងត្រៀមខ្លួនជម្លៀសប្រជាជន ក៏ដូចជាទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិច និងចរន្តត្រជាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម អាជ្ញាធរនៅតាមខេត្តភាគកណ្ដាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសប្រជាជន នៅក្នុងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី ខណៈអាងស្ដុកទឹករួមទាំងប្រព័ន្ធធារាសាស្ត្រចំនួន ២១ ក្នុងចំណោមអាងស្ដុកទឹកចំនួន ២,៤២១ទីតាំង ស្ថិតនៅតំបន់ភាគកណ្ដាល កំពុងបញ្ចេញទឹកមកក្រៅជាបណ្ដើរៗ។ ជាងនេះទៅទៀត អាជា្ញធរវៀតណាមក៏បានឱ្យដឹងដែរថា ភ្លៀងខ្លាំងនារយៈពេលពីរថ្ងៃមកនេះ បានបំផ្លាញផ្ទះ ០៥ខ្នង និង២០៣ខ្នងរងការខូចខាត ដើមឈើ ៥១៩ដើមដួលរលំ និងដីដំាដុះ ១០០ហិកតាត្រូវបំផ្លាញនៅតំបន់ភាគកណ្ដាលនៃប្រទេស។
គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិរួមមាន ទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងរយៈពេល ១០ខែដំបូងនៅឆ្នាំ២០១៧នេះ បានសម្លាប់ ឬធ្វើខ្លួនមនុស្សបាត់ខ្លួន ២៤៥នាក់ ព្រមទាំងបំផ្លាញផ្ទះ៤,៦០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត គិតជាទឹកប្រាក់ ១.៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕