(ឡាហ៉ាវាន់)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ (ពីដំបូង ៧.៣រ៉ិចទ័រ) ដែលបានវាយប្រហារភាគខាងកើតកោះ New Caledonia របស់បារាំង និងបានបណ្តាលឲ្យមានសារព្រមាន អំពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសខ្លួនមនុស្សមួយរយៈពេលខ្លីនោះ ពុំបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ឬជនរងគ្រោះឡើយ។ នេះបើតាមសម្តីអាជ្ញាធរក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន The Hindu Bussiness Line នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព្រឹកមិញនេះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍ថា ចំណុចរញ័រនៃគ្រោះរញ្ជួយផែនដី បានវាយលុកនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីប្រជុំកោះ Loyalty ដែលមានចំនួនប្រជាជនរស់នៅតិចតួច។ ភ្លាមៗនោះដែរ មជ្ឈមណ្ឌលឃ្លាំមើលរលកយក្សស៊ូណាមិប្រចាំតំបន់ប៉ាស៊ីហ្វិក បានសារព្រមានជាបន្ទាន់ថា តំបន់នានា ស្ថិតក្នុងរង្វង់ ៣០០គីឡូម៉ែត្រ ជុំវិញចំណុចរំញ័រ អាចនឹងទទួលរងការវាយប្រហារពីរលកយក្សនេះ រួមមានទាំងប្រទេសដីកោះ Vanuatu និងតំបន់រដ្ឋបាល New Caledonia របស់បារាំង ដែលមានទីក្រុងឈ្មោះ Noumea ស្ថិតនៅក្នុងចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដី។
ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា រលកស៊ូណាមិមួយចំនួន ត្រូវបានឃ្លាំមើល ប៉ុន្តែមិនបានប្រាប់ពីទីតាំង ឬក៏ផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ នៅពេលកើតហេតុ សំឡេងស៊ឺរ៉ែន ត្រូវបានបន្លឺឡើងក្នុងមួយរយៈពេលខ្លី នៅតាមតំបន់ឆ្នេរនៃប្រជុំកោះ Loyalty ដែលជាផ្នែកនៃតំបន់ New Caledonia ដោយមនុស្សមួយចំនួននៅទីនោះ ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួន។
យ៉ាងណាមិញ ប្រហែលមួយម៉ោងក្រោយមក ពួកគេទាំងនោះត្រូវបានណែនាំឲ្យវិលទៅរកសភាពធម្មតាវិញ ប៉ុន្តែត្រូវនៅបន្តមានការប្រុងប្រយ័ត្នដដែល។ ម៉្យាងវិញទៀត អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ពុំមានសេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះឡើយ។
គួរជម្រាបថា តំបន់ New Caledonia ដែលជាដែនដីនៅឯនាយសមុទ្ររបស់ប្រទេសបារាំងនោះ ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង គេហៅថា «Ring of Fire» ប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់ងាយនឹងទទួលរងគ្រោះ ពីហេតុការណ៍រញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់៕