(ណៃពិដោ)៖ ប្រទេសចិនបានស្នើឡើងនូវដំណោះស្រាយជាបីដំណាក់កាល សម្រាប់វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដោយចាប់ផ្ដើមជាមួយបទឈប់បាញ់ នៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រឡប់ពីបង់ក្លាដែសមកកន្លែងដើមវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងយ៉ាងដូច្នេះថា «ជំហានដំបូង គឺអនុវត្តន៍បទឈប់បាញ់នៅក្នុងរដ្ឋ Rakhine សំដៅស្ដារស្ថេរភាព និងសណ្ដាប់ធ្នាប់ឡើងវិញ ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា អាចត្រឡប់ពីបង់ក្លាដែសមកភូមិកំណើតរបស់ពួកគេវិញ និងធានាថា ពួកគេមិនត្រូវបានបង្ខំ ឱ្យភៀសខ្លួនសាជាថ្មី... តមកទៀតបន្ទាប់ពីបទឈប់បាញ់ កិច្ចចរចាទ្វេភាគីមួយត្រូវតែធ្វើឡើង ខណៈជំហានចុងក្រោយគួរតែធ្វើការងាររួមគ្នា លើការស្វែងរកដំណោះស្រាយរយៈពេលវែង ផ្អែកលើការកាត់បន្ថយភាពក្រីក្រ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក វ៉ាង យី ធ្វើឡើងនៅមុនពេលលោកត្រូវចូលរួមកិច្ចប្រជុំអឺរ៉ុប-អាស៊ាន រៀបចំឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសចិន ក៏បានបញ្ជាក់ដែរថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គួរតែត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាទ្វេភាគីរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ជាជាងលើកសំណុំរឿងនេះទៅកាន់អន្តរជាតិ ខណៈជនភៀសខ្លួនដ៏កំសត់មួយនេះច្រើនជាង ៦០០,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីជម្លោះក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពីខែសីហាមក៕