(ឡាហាវ៉ាន់)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបានាថ្ងៃចន្ទនេះ ដើម្បីជជែកពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងប្រធានសំខាន់ដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ ចេញផ្សាយនៅលើវែបសាយរបស់ក្រសួងការបរទេសគុយបា ប្រមុខការទូតកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) នឹងមកដល់រដ្ឋធានីឡាហាវ៉ាន់ (Havana) របស់គុយបា នារសៀលថ្ងៃចន្ទនេះ ហើយក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរបស់លោក លោក Ri និងជួបជាមួយសមភាគីគុយបា លោក ប្រ៊ូណូ រ៉ូឌ្រីហ្គែស (Bruno Rodriguez) ព្រមទាំងចូលរួមក្នុងកម្មវីធីមួយចំនួនទៀត។
ដំណើរទស្សនកិច្ចខាងលើនេះ កើតមានឡើងចំពេលមួយ ដែលចំណងទាក់ទងរបស់ប្រទេសទាំងពីរ ជាមួយនិងសហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងជាថ្មីម្តងទៀត ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តព្រមានទីក្រុងព្យុងយ៉ាង ពីការដាក់ទណ្ឌកម្មបន្ថែម និងអំពីលទ្ធភាពនៃការប្រើសកម្មភាពយោធាថែមទៀតផង ដោយសារតែធ្វើតេស្តមីស៊ីលឥតឈប់ឈរ របស់កូរ៉េខាងជើង។
ទន្ទឹមនឹងពេលនោះ ទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រមូលបុគ្គលិកជាងពាក់កណ្តាល ពីស្ថានទូតរបស់ខ្លួន ប្រចាំនៅគុយបាត្រឡប់មកវិញ ជុំវិញការប្រចោទប្រកាន់ដោយគ្មានភស្តុតាង អំពីការវាយប្រហារដោយប្រព័ន្ធសំឡេង ដែលបានប៉ះពាល ដល់សុខភាព និងសោតវិញ្ញាណរបស់បុគ្គលិកទូតអាមេរិកនិងកាណាដានៅឡាហាវ៉ាន់ ហើយសហរដ្ឋអាមេរិក ក៏បានបណ្តេញមន្រ្តីទូតគុយបាចំនួន១៥នាក់ ដែលបានបម្រើការនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែកញ្ញាកន្លងទៅផងដែរ។
គួរជម្រាបថា គុយបានិងកូរ៉េខាងជើង បានបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយយ៉ាងល្អ ចាប់តាំងតែពីត្រូវបានបង្កើតឡើងជាលើកដំបូងនៃចំណងការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំ១៩៦០មក៕