(អេហ្ស៊ីប)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel Jubeir បានជម្រុញឱ្យប្រជាជាតិ នៃសម្ព័ន្ធអារ៉ាប់ទំាងអស់ ស្វែងរកដំណោះស្រាយមួយដោយគ្មានការផ្សះផ្សា ដើម្បីទប់ទល់នឹងការឈ្លានពាន និងការរំលោភលើច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់ ហើយមិនតែប៉ុណ្ណោះលោកក៏បានព្រមានដែរថា គ្មានរដ្ឋអារ៉ាប់ណាមួយមានសុវត្ថិភាពពីមីស៊ីលអ៊ីរ៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកឡើងរបស់ លោក Adel Jubeir ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ក្នុងទីក្រុងគែរប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះដែរ រដ្ឋមន្ត្រីការបរទេសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនឈរនៅស្ងៀមដោយមិនធ្វើអ្វីទាល់តែសោះឡើយ ប្រឈមមុខនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ខណៈពួកគេបានបង្កើតភ្នាក់ងារជាច្រើននៅក្នុង តំបន់ដូចជាពួកឧទ្ទាមហ៊ូទី និងហេសប៊ូលឡាដោយរំលោភលើច្បាប់អន្តរជាតិ... ដូច្នេះបើយើងមិនអាចឈានដល់ដំណោះស្រាយមួយទេនោះច្បាស់ណាស់គ្មានរដ្ឋណាមួយមាន សុវត្ថិភាពពីមីស៊ីលរបស់អ៊ីរ៉ង់នោះទេ»។
ក៏ប៉ុន្តែទន្ទឹមគ្នា លោក Adel Jubeir ក៏បានបញ្ជាក់ដែរថា សកម្មភាពរបស់ទីក្រុងរីយ៉ាដ នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺគ្រាន់តែជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាសកម្មភាពឈ្លានពានពីសំណាក់ទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេស នៃបណ្ដាអារ៉ាប់ដទៃទៀត បានបើកកិច្ចប្រជុំបន្ទាន់មួយនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ដើម្បី ពិភាក្សាគ្នាលើមធ្យោបាយប្រឈមមុខជាមួយអ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា ដែលបណ្ដាប្រទេសអារ៉ាប់ចោទថា បានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។
កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងដោយមានសំណើពីប្រទេសអារ៉ាប៊ីសាអូឌីត និងមានការគាំទ្រពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងគុយវ៉ែត ហើយវាកើតឡើងចំពេលអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កំពុងមានភាពតានតឹងនឹងគ្នា ក្រោយនាយករដ្ឋមន្ត្រីលីបង់ លោក Saad al-Hariri ប្រកាសលាលែងពីតំណែងក្នុងទីក្រុងរីយ៉ាដ និងដោយសារជម្លោះនៅយេម៉ែន ជាទីដែលប្រទេសទាំងពីរគាំទ្រភាគីជម្លោះរៀងៗខ្លួន៕