(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី María Dolores de Cospedal បានទទួលសេចក្ដីរាយការណ៍មួយតាមទូរស័ព្ទ ពីសមភាគីលេតូនី គឺលោក Raimonds Bergmanis ដែលបានអះអាងថា អតីតប្រធានាធិបតីតំបន់កាតាឡាន់ លោក Carles Puigdemont គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយថាវិបត្តិនៅកាតាឡាន់ មានរុស្ស៊ីជាអ្នកជួយជ្រោមជ្រែងពីក្រោយខ្នង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម Sputnik បុរសម្នាក់ដែលគេជឿជាក់ថា ជារដ្ឋមន្ត្រីការពារជាតិលេតូនី លោក Raimonds Bergmanis បានប្រាប់ លោកស្រី María Dolores de Cospedal ពីការគំរាម កំហែងរបស់រុស្ស៊ី និងតួនាទីរបស់ទីក្រុងម៉ូស្គូនៅក្នុងវិបត្តិ នៃប្រកាសឯករាជ្យផ្ដាច់ខ្លួនពីអេស្ប៉ាញ ពីសំណាក់តំបន់កាតាឡាន់។ មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោក Bergmanis បានប្រាប់ លោកស្រី Cospedal ទៀតថា លោក Carles Puigdemont គឺជាទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី ពិសេសលោកម្នាក់ដែលមានឈ្មោះក្លែងក្លាយថា Cipollino។
«លោក Puidgemont, ខ្ញុំមិនដឹងថា អ្នកចាត់ទុកគាត់ជាអ្វីឡើយ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នចំពោះបុរសម្នាក់នេះ ពីព្រោះគាត់ជាមនុស្សដ៏មានគ្រោះថ្នាក់ និងជាទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី អស់រយៈពេលជាយូរមកហើយ... យើងអាចប្រាប់អ្នកថា គាត់ជាទីភ្នាក់ងារពិសេសរុស្ស៊ី មានឈ្មោះក្លែងក្លាយ Cipollino»។ នេះបើតាមសម្ដីរបស់ លោក Bergmanis ប្រាប់លោកស្រី Cospedal។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី កិច្ចសន្ទនាតាមទូរស័ព្ទនេះ មិនត្រូវបានគេបញ្ជាក់ថាធ្វើឡើង នៅពេលណាឱ្យប្រាកដឡើយ រីឯខាងអេស្ប៉ាញក៏មិនបានអត្ថាធិប្បាយអ្វីដែរ ខណៈក្រុម អ្នកជំនាញរុស្ស៊ីចំអកដោយចោទជាសំណួរថា តើភ្ញៀវទេសចរណ៍រុស្ស៊ីធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងបាសេឡូណា គឺជាទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ីទំាងអស់ឬ៕