(អាហ្សង់ទីន)៖ ស្របពេលដែលមានការអះអាងថា នាវាមុជទឹកអាហ្សង់ទីន ដែលបានបាត់ដំណឹងកាលពីថ្ងៃពុធសប្តាហ៍មុន បានព្យាយាមធ្វើការហៅចូល កាលពីថ្ងៃសៅរ៍សប្តាហ៍ដដែលនោះ ក្រុមហ៊ុនផ្កាយរណបទូរគមនាគមន៍ Iridium បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួនពុំបានប្រទះឃើញមានការហៅណាមួយ ពីនាវាមុជទឹកមួយគ្រឿងនេះឡើយ ចាប់តាំងតែពីថ្ងៃពុធសប្តាហ៍មុនមក ក៏ប៉ុន្តែក្រុមហ៊ុនបានលើកឡើងថា ប្រហែលជាមានសម្ភារៈរបស់ក្រុមហ៊ុនផ្សេងទៀត នៅលើនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ (ពេលវេលាក្នុងតំបន់) ក្រុមមន្រ្តីអាហ្សង់ទីន បានអះអាងថា មូលដ្ឋានទ័ពជើងទឹកនៃប្រទេសរបស់ខ្លួន ទទួលបានការព្យាយាមហៅទាក់ទង តាមប្រព័ន្ធផ្កាយរំណបចំនួន ០៧លើក ក៏ប៉ុន្តែពេលនោះពុំអាចបង្កើតខ្សែទាក់ទង ជាមួយក្រុមនាវិកនៅលើនាវាមុជទឹកនោះឡើយ។
ក្រុមហ៊ុនខាងលើបានចេញសេចក្តីថ្លែងការណ៍ថា «ខណៈមានសេចក្តីរាយការណ៍មួយចំនួន បានបង្ហាញថា ការហៅតាមប្រព័ន្ធផ្កាយរណបចំនួន ០៧លើក ត្រូវបានធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា Iridium អាចបញ្ជាក់បានថា ការព្យាយាមទាក់ទងទាំងនេះ ពុំត្រូវបានធ្វើឡើងនៅលើបណ្តាញរបស់យើងឡើយ... គួរឲ្យសោកស្តាយ ទិន្នន័យបណ្តាញរបស់យើង មិនបានបង្ហាញពីការព្យាយាមទាក់ទងណាមួយ ពីឧបករណ៍របស់ក្រុមហ៊ុនយើង នៅលើនាវាមុជទឹក San Juan ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាម្ល៉េះ ដែលជាពេលការហៅចូលលើកចុងក្រោយ ត្រូវបានធ្វើឡើង»។
យ៉ាងណាមិញ ក្រុមហ៊ុន Iridium Communications បានបន្ថែមថា អាចនឹងមានសម្ភារៈរបស់ក្រុមហ៊ុនផ្សេងទៀត នៅលើនាវាមុជទឹកនោះ ហើយវាអាចត្រូវបានប្រើប្រាស់ ក្នុងការព្យាយាមហៅជាសំឡេងដើម្បីសង្រ្គោះបន្ទាន់ របស់ក្រុមនាវិក។
គួរជម្រាបថា នាវាមុជទឹក San Juan ដែលមានផ្ទុកនាវិកចំនួន ៤៤នាក់ នៅលើនោះ បានបាត់ខ្លួនចាប់តាំងពីបានធ្វើការទាក់ទងលើកចុងក្រោយ កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលកំពុងធ្វើដំណើរចេញពីកំពង់ផែក្រុង Ushuaia ទៅកាន់ទីក្រុង Mar del Plata ក្នុងខេត្ត Buenos Aires។ ខណៈពេលនេះ យន្តហោះ និងកប៉ាល់ជាច្រើនគ្រឿងកំពុងបន្តស្វែងរកនៅតំបន់ ដែលគេចាប់បានសញ្ញាចុងក្រោយបំផុតរបស់នាវាមុជទឹក ARA San Juan៕