(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីបាវេ លោក Robert Mugabe បានសន្យាថា លោកនឹងបន្តកាន់អំណាច ដោយមិនព្រមប្រកាសលាលែងពីតំណែងឡើយ បើទោះជាគណបក្សរបស់ លោកផ្ទាល់បានបណ្ដេញរូបលោក ពីតំណែងជាប្រធានបក្សក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍រយៈពេល ២០នាទី កាលពីថ្ងៃអាទិត្យ លោក Robert Mugabe មិនបានប្រកាសលាលែងពីតំណែងជាប្រធានាធិបតី ឡើយបើទោះជាគណបក្ស ZANU-PF របស់លោកតម្រូវឱ្យចុះចេញពីតំណែង នៅមុនថ្ងៃចន្ទនេះក៏ដោយ។
ជាងនេះទៅទៀត លោក Mugabe ក៏បានអះអាងដែរថា លោកនឹងបន្តធ្វើជាប្រធានបក្សនៅថ្ងៃសមាជបក្ស ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ។ ប្រតិកកម្មរបស់ប្រធានាធិបតីវ័យ ៩៣ឆ្នាំរូបនេះ បានកើតមានឡើងបន្ទាប់ពី គណបក្ស ZANU-PF បានសម្រេចចិត្តតែងតាំង លោក Emmerson Mnangagwa ដែលត្រូវបានលោក Mugabe បណ្ដេញចេញពីតំណែងកាលពីជាងពីរសប្ដាហ៍មុន ឱ្យកាន់តំណែងជាប្រធានបក្សថ្មី និងជាបេក្ខជនសម្រាប់ ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨ ផងដែរ។
គួរបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវេ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី ខណៈអ្នកនយោបាយជាច្រើននៅក្នុងប្រទេសយល់ថា លោកមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែង ជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ។ តែ ដោយសារតែទង្វើនេះហើយ ទើបយោធាហ្ស៊ីមបាវេចូលធ្វើអន្តរាគមន៍ដណ្ដើមអំណាចពីលោក Mugabe៕
http://www.myzimbabwe.co.zw/images/stories/drag-n-drop/mugabe-chiwenga(6).jpg