BREAKING NEWS: «មានការព្រមានពី រលកយក្សស៊ូណាមិ» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ វាប្រហារដែនកោះបារាំង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក!
20-11-2017 09:13
(អាមេរិក)៖ សេចក្តីព្រមានស្តីពីរលកយក្សស៊ូណាមិ ត្រូវបានដាក់ចេញជាបន្ទាន់ ក្រោយពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ បានវាយប្រហារភាគខាងកើតនៃ ឆ្នេរតំបន់រដ្ឋបាលរបស់ប្រទេសបារាំង New Caledonia ព្រឹកថ្ងៃចន្ទនេះ នៅភាគខាងត្បូងសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Australian នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីខាងលើ ស្ថិតនៅចម្ងាយប្រមាណ ៨៥គីឡូម៉ែត្រពីភាគខាងកើតប្រជុំកោះ Loyalty ជាមួយជម្រៅ ២៥គីឡូម៉ែត្រ។ សេចក្តីព្រមានមួយត្រូវបានប្រកាសជាបន្ទាន់ចំពោះតំបន់ New Caledonia និងតំបន់ Vanuatu ដោយរលកយក្សធំៗ អាចនឹងកើតមានឡើងក្នុងរង្វង់ ៣០០គីឡូម៉ែត្រ ជុំវិញចំណុចរំញ័ររបស់វា៕